ដោយ៖ ដួង ចន្ទ្រា
ភ្នំពេញ៖ ជាមួយនឹងការប្រមូលផលស្រូវរដូវវស្សាបាន និងកំពុងចាប់ផ្តើម មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានរំពឹងថា ទិន្នផលស្រូវឆ្នាំនេះ នឹងកើនដល់ជាង១០លានតោន ខណៈតម្លៃក៏មានភាពល្អប្រសើរនៅក្នុងទីផ្សារ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទលោកវេង សាខុនបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញនេះថា ទិន្នផលស្រូវឆ្នាំនេះនឹងកើនដល់ជាង១០លានតោន ខណៈឆ្នាំមុនការប្រមូលផលស្រូវ បានជាង៩,៩៥០,០០០តោន ព្រោះការដាំដុះដំណាំស្រូវឆ្នាំនេះ សម្រេចលើសផែនការចំនួន៦,៤៥ហិកតា។លោកបន្តថា ផ្ទៃដីដាំដុះស្រូវឆ្នាំនេះមានទំហំ២,៦៥៧,៧៦៨ហិកតា និងប្រមូលផលបានចំនួន១,០២២,៤៧៨ហិកតារហូតមកទល់ពេលនេះលោកបន្តថា “ទិន្នផលស្រូវប្រមូលបានរហូតមកទល់ពេលនេះ បានចំនួន៣,៣៦១,១៦៤តោន ហើយទិន្នផលជាមធ្យមប្រមូលបានចំនួន៣២៦៣គីឡូក្រាមក្នុងមួយហិកតា។លោកបន្តថា “ផលស្រូវប្រមូលបាននាឆ្នាំនេះ ភាគច្រើនជាប្រភេទស្រូវក្រអូប ជាការផលិតសម្រាប់តំរង់ទិសសម្រាប់ការនាំចេញ។