Hattha top Banner

តម្លៃអចលនទ្រព្យនៅក្នុងទីក្រុងតូក្យូ កំពុងបន្តហក់ឡើងលើសលទ្ធភាពរកប្រាក់ចំណូលបានរបស់ក្រុមអ្នកជំនាញវ័យក្មេងៗ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកនាង Mie Kawamata សុបិនចង់ទិញផ្ទះមួយ ដែលគាត់អាចថែសួនតូចមួយ ហើយកូនស្រីអាយុ១ខួបរបស់គាត់អាចលេងកំសាន្តនៅខាងក្រៅផ្ទះបាន និងមានទីតាំងជិតល្មមដើម្បីធ្វើដំណើរទៅកាន់កណ្តាលទីក្រុងតូក្យូ។

ប៉ុន្តែ បន្ទាប់ពីបានស្វែងរកអស់ជាច្រើនដងរួចមក អ្នកនាង Kawamata និងស្វាមី ដែលអ្នកទាំងពីរធ្វើការផ្នែកគណនេយ្យ បានបោះបង់ចោលនូវគំនិតនេះ ហើយពួកគេបានងាកទៅទិញអាផាតមុិនមួយ ដែលមានទំហំប្រហែលត្រឹមតែមួយភាគបីនៃទំហំផ្ទះក្នុងសុបិន ដែលគាត់ស្រមៃចង់បាន។

អ្នកនាង Kawamata ដែលមានវ័យ៣១ឆ្នាំ បានមានប្រសាសន៍ឱ្យដឹងថា “ខ្ញុំមិនប្រាកដថា មនុស្សសាមញ្ញអាចទិញផ្ទះបានទៀតទេ ខណៈតម្លៃ ផ្ទះ និង តម្លៃជួល នៅទីក្រុងតូក្យូ បាន កើនឡើង ច្រើន ណាស់ បើ ធៀប នឹង ពេល មុន ប៉ុន្តែ នៅ ទី បញ្ចប់ ប្រាក់ ខែ របស់យើងមិន ត្រូវបានដំឡើង ច្រើន នោះ ទេ”។

បន្ទាប់ពីបានឆ្លងកាត់វិបត្តិបរិត្តផរណាអស់ជាច្រើនទសវត្សរ៍ និងកំណើនសេដ្ឋកិច្ចដែលស្ថិតក្នុងសភាពទ្រឹង ប្រទេសជប៉ុនកំពុងស្គាល់ពីភាពរីកចំរើននៃការវិនិយោគ ដែលបានជំរុញឱ្យអាផាតមុិននៅតំបន់កណ្តាលទីក្រុងតូក្យូមានតម្លៃថ្លៃខ្លាំងសម្រាប់អ្នកជំនាញវ័យក្មេង។

ចំណែក លំហូរនៃការវិនិយោគយ៉ាងគំហុក បានជំរុញឱ្យតម្លៃជាមធ្យមរបស់ខុនដូថ្មី នៅចំកណ្តាលទីក្រុងតូក្យូ កើនឡើង៦០ភាគរយ ដល់កំណត់ត្រា១២៩,៦លានយ៉េន (ប្រហែល៨៦៥.០០០ដុល្លារ) នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣នេះ។

សម្រាប់អ្នកក្នុងស្រុក ការហក់ឡើងខ្ពស់បែបនេះនៃតម្លៃអចលនទ្រព្យ បានធ្វើឱ្យទីក្រុងតូក្យូក្លាយជាទីក្រុង ដែលមានតម្លៃថ្លៃបំផុតមួយ នៅលើពិភពលោក។ នេះបើយោងតាមរបាយការណ៍អចលនទ្រព្យសកលរបស់ក្រុមហ៊ុន UBS ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន UBS បានបង្ហាញទៀតថា អាផាតមុិនទំហំ៦០ម៉ែត្រការ៉េ ក្នុងទីក្រុងតូក្យូ ឥឡូវនេះ មានតម្លៃ១៥ដងនៃប្រាក់ខែរបស់កម្មករជំនាញ ដែលកើនឡើងពី១០ដង បើធៀបនឹងកាលពីមួយទសវត្សរ៍មុន ហើយកើនឡើងលើសពីតម្លៃនៅទីក្រុងឡុងដ៍ សិង្ហបុរី និងញូវយ៉កទៅទៀត។

ការកើនឡើងនៃតម្លៃអចលនទ្រព្យក៏កំពុងត្រូវបានជំរុញ ដោយកំណើនអតិថិជនបរទេសផងដែរ ដែលជនបរទេសកំពុងទាញយកអត្ថប្រយោជន៍ពីការធ្លាក់ថ្លៃចុះនៃប្រាក់យ៉េន អត្រាការប្រាក់ទាប និងក្រុមជនបរទេស ដែលចង់ផ្លាស់ប្តូរមូលនិធិរបស់ពួកគេចេញពីប្រទេសចិន៕Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here