ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ទំហំវិនិយោគក្នុងវិស័យសំណង់ និងអចលនវត្ថុនៅកម្ពុជា មិនមានសញ្ញាថមថយណាមួយឡើយក្នុងរយៈពេល១០ខែនេះ ដោយទំហំទឹកប្រាក់បានកើនឡើងដល់ ៦២៦៧លានដុល្លារអាមេរិក កើនឡើង២៧ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទេសរដ្ឋមន្ត្រីជា សុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងក្នុងពិធីបើកពិពណ៌ឧស្សាហកម្មសំណង់ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣០ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នេះថា នៅក្នុងរយៈពេល១០ខែឆ្នាំ២០១៧នេះ ការវិនិយោគក្នុងវិស័យសំណង់មានប្រមាណជាង៦២៦៧លានដុល្លាអាមេរិក កើនឡើង២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ហើយគិតមកដល់ពេលនេះ ក្រសួងរៀបចំដែនដី មានក្រុមហ៊ុនសំណង់ទាំងជាតិ និងអន្តរជាតិបានមកចុះបញ្ជីទទួលយកអាជ្ញាបណ្ណ និងក្រុមហ៊ុនសំណង់កំពុងមានសុពលភាព បន្តធ្វើការងារគឺមានចំនួន១០៣៨ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនមកពីក្រៅប្រទេសមានចំនួន៣២៤ក្រុមហ៊ុន ហើយបច្ចុប្បន្នក្រុមហ៊ុនសំណង់បរទេស ដែលមានទុនវិនិយោគខ្ពស់ជាគេ គឺក្រុមហ៊ុនមកពីប្រទេសចិន បន្ទាប់មកប្រទេសកូរ៉េខាងត្បូង វៀតណាម ជប៉ុននិងប្រទេសថៃ។
លោកបន្តថា “បើកការតាំងពិពណ៌ឧស្សាហកម្មសំណង់លើកទី៦នេះថា តាមរយៈពេលវត្តមានស្តង់តាំងបង្ហាញសមិទ្ធិផល និងផលិតផលក្រុមហ៊ុនសំណង់ជាតិអន្តរជាតិ ប្រមាណជាង១៦៨ក្រុមហ៊ុន គឺបានបង្ហាញសញ្ញារីកលូតលាស់ នៃវិស័យសំណង់សំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ខណៈ នៅមានក្រុមហ៊ុនសំណង់ជាច្រើនទៀត មិនចូលរួមបង្ហាញស្នាដៃរបស់ខ្លួន។
អ្នកឧកញ៉ាពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជាបានថ្លែងថា ព្រឹត្តិការណ៍តាំងពិពណ៌ ឧស្សាហកម្មសំណង់នៅឆ្នាំ២០១៧នេះ មានផលិតផលនិងសេវាកម្មសំណង់ប្រមាណជាង៦០០ផលិតផល ត្រូវបានបណ្តាក្រុមហ៊ុនជាជិត១៧០ក្រុមហ៊ុន យកដាក់តាំងបង្ហាញ ក្នុងនោះផលិតផលមួយភាគធំជាផលិតផលសំភារៈបន្ទប់ទឹក គ្រឿងអគ្គីសនី ឧបករណ៍គ្រឿងយន្តសំណង់ គ្រឿងចក្រគ្រប់ប្រភេទ និងមានការតាំងបង្ហាញលក់ផ្ទះសំបែងផងដែរ៕