ដោយៈ គង់ សូរិយា
ភ្នំពេញៈ កំណើនប្រាក់ចំណូលប្រចាំឆ្នាំ របស់មនុស្សម្នាក់ៗ ធៀបនឹងកំណើនតម្លៃអចលនទ្រព្យ បានក្លាយជាបញ្ហាប្រឈមមួយនៅក្នុងទីផ្សារក្នុងវិស័យនេះ រួមទាំងបញ្ហាប្រឈមមួយចំនួនទៀត។
អគ្គនាយកក្រុមហ៊ុនAdvance Real Estate Co, Ltdលោកប៉ូ អ៊ាវគង់ បានពន្យល់យ៉ាងលំអិតពីបញ្ហាទីផ្សារ ហានិភ័យ និងការកើនឡើងតម្លៃអចលនទ្រព្យកាលពីសប្តាហ៍មុន។
-->
លោកបានមានប្រសាសន៍ថា កន្លងមកយើងបានធ្វើការសិក្សាលើបញ្ហានេះ ទាក់ទងនឹងកំណើនប្រាក់ចំណូល ប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋ ដែលមានចន្លោះ៥ ទៅ៨ភាគរយ ប៉ុន្តែវិស័យអចលនទ្រព្យមានកំណើន ចន្លោះពី១០ ទៅ២០ភាគរយប្រចាំឆ្នាំ។

លោកបន្តថា “កំណើននេះហើយ បានធ្វើឲ្យទីផ្សារអចលនទ្រព្យឈានទៅដល់ការគឿងគរ ដែលអ្នកនៅក្នុងវិស័យនេះខ្លះ មិនអាចព្យាករណ៍បាន”។ លោកបន្តថា “ខ្ញុំបានប្រាប់អ្នកវិនិយោគមួយចំនួន តាំងពីឆ្នាំ២០១៨ ២០១៩ ឲ្យមានការប្រុងប្រយ័ត្ន ព្រោះថាការកើនតម្លៃក្នុងវិស័យនេះ មិនមានអ្វីទប់ស្កាត់ឬយន្តការណាមួយ បានដាក់ចេញ ដើម្បីធ្វើឲ្យវាមានការរីកចម្រើន ប្រកបដោយនិរន្តរភាពដូចប្រទេសអភិវឌ្ឍន៍មួយចំនួនឡើយ”។
លោកប៉ូ អ៊ាវគង់បានបន្តថា អ្នកសរសេរលើសៀវភៅទាក់ទងនឹងវិស័យនេះ មួយចំនួនបានលើកឡើងថា វិបត្តិសេដ្ឋកិច្ចបានធ្វើឲ្យវិស័យអចលនទ្រព្យគឿងគរ គឺដោយសារការគ្មានយន្តការគ្រប់គ្រង ឲ្យច្បាស់លាស់ និងត្រឹមត្រូវ ពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជាយើង។
លោកបន្តថា “នៅពេលយើងគ្មានយន្តការ គ្រប់គ្រងច្បាស់លាស់ វានឹងធ្វើឲ្យទីផ្សារប៉ោងឡើង និងធ្វើឲ្យទីផ្សារគ្មានភាពមិនប្រាកដប្រជា”។ លោកបន្តថា “យើងដើរមកដល់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៣នេះ សេដ្ឋកិច្ចពិភពលោកមានភាពមិនច្បាស់លាស់ ការគាំងលំហូរសាច់ប្រាក់កើតមានឡើង គឺយើងគ្មានវិធីសាស្រ្តដោះស្រាយឡើយ ព្រោះយើងគ្មានយន្តការនៃការដោះស្រាយ និងការគ្រប់គ្រងតាំងពីដើមមក”។

លោកប៉ូ អ៊ាវគង់បានពន្យល់ទៀតថា កង្វះយន្តការនៃការគ្រប់គ្រង វាក៏បង្កនូវហានិភ័យដល់ទីផ្សារ ហើយការកើតមានវិបត្តិក្នុងទីផ្សារកន្លងមកនេះ បានធ្វើឲ្យមេដឹកនាំប្រទេសមួយចំនួន បានបង្កើតយន្តការគ្រប់គ្រង ដោយគេមិនបណ្តែតបណ្តោយឡើយ។ នៅពេលពួកគេមើលឃើញស្ថានភាពមិនស្រួល ពួកគេចាប់ផ្តើមបញ្ចេញយន្តការក្នុងការទប់ស្កាត់ ព្រោះបើបណ្តោយឲ្យមានវិបត្តិកើតឡើង វាបង្កឲ្យមានវិបត្តិសេដ្ឋកិច្ច និងប៉ះពាល់ដល់ផលទុនជាតិសរុបច្រើន។
លោកបន្តថា “ពីមុនមកអ្នកណាមានលុយ ក៏បានវិនិយោគលើវិស័យដីធ្លី ហើយនៅពេលមានបញ្ហាបែបនេះ ពួកគាត់មិនដឹងដោះស្រាយបែបណា សូម្បីតែលក់ដីលក់មិនចេញ គាត់ក៏មិនដឹងពីមូលហេតុអីផងដែរ”។ លោកបន្តថា “អ្វីជាចំណុចខ្វះខាតរបស់យើង គឺខ្វះយន្តការក្នុងការគ្រប់គ្រង ខ្វះការចូលរួម និងខ្វះការប្រឹក្សាយោបល់ពីអ្នកជំនាញពិតប្រាកដ”៕