Hattha top Banner

អ្នកជំនាញ និងសេដ្ឋវិទូលើកឡើងនូវបញ្ហាប្រឈម និងដំណោះស្រាយក្នុងវិស័យអចលនទ្រព្យឆ្នាំនេះ

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ  អ្នកជំនាញបានសម្តែងសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យនៅក្នុងឆ្នាំ២០២៤នេះ អាចនឹងមានកំណើនលើសពីឆ្នាំមុនតិចតួច ហើយក៏ជាឱកាសដ៏ល្អ សម្រាប់អ្នកទិញទុកចំណេញរយៈពេលវែង និងអ្នកមានលុយសុទ្ធក្នុងដៃ ឬអ្នកមានរំហូរ​សាច់ប្រាក់ពីអាជីវកម្មរឹងមាំ។

ប្រធានសមាគមអចលនទ្រព្យសកល លោកឧកញ៉ាសំ សុខនឿនបានលើកឡើងថា បើទោះជាពេលនេះ ស្ថានភាពវិស័យអចលនទ្រព្យ មានដំណើការមិនទាន់ប្រសើរយ៉ាងណាក្តី តែមានអ្នកវិនិយោគជាច្រើន បាននិង​កំពុងបន្តទិញ​អចលនទ្រព្យ នោះក៏ព្រោះតែគេធ្លាប់បានចំណេញយ៉ាងច្រើនពីអចលនទ្រព្យនេះ។លោកឧកញ៉ា មានសុទិដ្ឋិនិយមថា “ការវិនិយោគអចលនទ្រព្យនៅពេលនេះ នឹងទទួលបានផល​ចំណេញ​ នៅរយៈពេលមិនលើសពី៧ឆ្នាំក្រោយនោះទេ”។

វិស័យអចលនទ្រព្យក្នុងឆ្នាំនេះ មានភាពប្រសើរតិចតួចប៉ុណ្ណោះ​។ នេះជាការមើលឃើញរបស់លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា។លោកលើកឡើងថា ស្ថានភាពអចលនទ្រព្យបច្ចុប្បន្ន ត្រូវរង់ចាំពេលវេលា ជាពិសេសផ្នែកផ្ទះល្វែង វិឡា ខុនដូ អគារពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប គឺត្រូវការពេល១ឆ្នាំ ២ឆ្នាំ ឬ៣ឆ្នាំ ដើម្បីស្រូបទាញទីផ្សារ ពោលគឺអាស្រ័យលើស្ថានភាពជាក់ស្តែង នៃសេដ្ឋកិច្ចកម្ពុជា និងសមត្ថភាពអ្នកពាក់ព័ន្ធ រួមមាន ពលរដ្ឋ អាជីវករ សហគ្រិន និងពាណិជ្ជកម្មធុនតូច និងមធ្យម ជាដើម។

ចំណែកលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញអំពីបញ្ហាប្រឈម ដែលបានកើត​ឡើងនៅក្នុងវិស័យអចលនទ្រព្យ មានដូចជា ​ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលបង្ក​ឱ្យមាន​ហានិភ័យដល់ប្រជាពលរដ្ឋអ្នកទិញ។ ការផ្គត់ផ្គង់លើសតម្រូវការ ការអភិវឌ្ឍគម្រោ​ងច្រើន ជាងតម្រូវការអ្នកទិញ (ទិញទុកលក់យកចំណេញ)ក៏ជាបញ្ហាផងដែរ។លើសពីនេះទៀតលោកមើលឃើញថា ការអភិវឌ្ឍដីឡូតិ៍ កែប្រែ​​ពីដីក​សិកម្ម ទៅដីលំនៅឋាន ដែលមិនមានការត្រួតពិនិត្យច្បាស់លា​ស់ នាំឱ្យអ្នកទិញពិបាក​នឹងរកផលចំណេញមកវិញ។ ជាមួយគ្នានេះ វិបត្តិរំហូរសាច់ប្រាក់បរទេស បានធ្វើឱ្យចរន្តនៃការទិញលក់មានការថមថយ។

សម្រាប់ជាដំណោះស្រាយស្តារវិស័យអចលនទ្រព្យ រាជរដ្ឋាភិបាល ត្រូវបង្កើតគោលនយោបាយដីធ្លី និងនគរូបនីយកម្មមួយ ឱ្យបានច្បាស់លាស់ ដែលនឹងក្លាយជាបន្ទាត់ ក្នុងការអនុវត្តរួម​របស់គ្រប់ក្រសួងស្ថាប័នអាជ្ញាធរ ងាយនឹងធ្វើការងារជាប្រព័ន្ធ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលត្រូវអន្តរាគមន៍ ​ប្រមូល​នូវព័ត៌មានទាំងអស់ ដែលប្រជាពលរដ្ឋជួបវិបត្តិ ដើម្បីរកដំណោះស្រាយមួយសមរម្យ សម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នក​ទិញ ធ្វើយ៉ាងណាកុំឱ្យមានវិបត្តិសង្គមកើតឡើងតទៅទៀត។ នេះជាការគូសបញ្ជាក់របស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here