ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារពត៌មានថៃ The Nation បានចុះផ្សាយថា ក្រុមហ៊ុនអចលនទ្រព្យនៅប្រទេសវៀតណាម ចំនួន២.០០០ក្រុមហ៊ុន បានបញ្ឈប់ប្រតិបត្តិការ ជាបណ្ដោះអាសន្ននៅខែមករា ដើមឆ្នាំ២០២៤នេះ។
តួលេខនេះបង្ហាញសញ្ញា ពីការកើនឡើង១៣៨% បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យ ចេញផ្សាយដោយការិយាល័យស្ថិតិ ទូទៅនៃប្រទេសវៀតណាម(GSO) នៅក្នុងរបាយការណ៍មួយស្តីពី ស្ថានភាពសេដ្ឋកិច្ចសង្គម នៅក្នុងខែមករាឆ្នាំ២០២៤។
-->

ជាមួយគ្នានេះ នៅក្នុងខែមករាដដែល ប្រទេសវៀតណាម ក៏បានសង្កេតឃើញមាន ក្រុមហ៊ុនអាជីវកម្មអចលនទ្រព្យ ដែលទើបបង្កើតថ្មីចំនួន៣៤២ ដែលកើនឡើង១០១,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យវៀតណាម ជួបប្រទះការលំបាកជាច្រើនកាលពីឆ្នាំមុន។ ចំនួនអាជីវកម្មទើបបង្កើតថ្មី ដែលកំពុងប្រតិបត្តិការ ក្នុងវិស័យអចលនទ្រព្យ មានត្រឹមតែ៤.៧២៥ប៉ុណ្ណោះ ដាំក្បាលចុះជាង៤៥%បើធៀបនឹងឆ្នាំ២០២២។

ទន្ទឹមនឹងនោះដែរ ការកាត់បន្ថយបុគ្គលិក នៅក្នុងអាជីវកម្មអច លនវត្ថុ នៅតែបន្តកើតមានឡើង ទាំងក្នុងក្រុមហ៊ុនអាជីវកម្មខ្នាតតូច និងក្រុមហ៊ុនអាជីវកម្មធំ។
ជុំវិញបញ្ហានេះ កាលពីពេលថ្មីៗកន្លងទៅ រដ្ឋសភាវៀតណាមបានអនុម័តច្បាប់ ដើម្បីបោះជំហានឆ្ពោះទៅមុខដ៏សំខាន់ ក្នុងគោលនយោបាយ និងក្របខ័ណ្ឌច្បាប់សំខាន់ៗ ជាមួយនឹងបទប្បញ្ញត្តិជាច្រើន ដែលនឹងផ្តល់ផលល្អទៅលើទីផ្សារ អ្នកវិនិយោគ និងអតិថិជន៕ ប្រភព៖ The Nation Thailand៕