ឧកញ៉ា សៀ រិទ្ធី បង្ហើបពីវិធីសាស្រ្តនៃការវិនិយោគលើខុនដូ

0

ដោយ : ដួួង ចន្រ្ទា
ភ្នំពេញ : នៅពេលនិយាយពីខុនដូប្រជាជននៅទីក្រុងភ្នំពេញ ច្បាស់ជាស្គាល់ច្បាស់ជាមិនខាន ប៉ុន្តែប្រសិនជាចង់វិនិយោគលើអាគារខ្ពស់ៗបែបសហកម្មសិទ្ធិបែបនេះ ប្រហែលមិនមែនងាយស្រួលឡើយ។
អ្នកមានបទពិសោធន៍ និងទទួលជោគជ័យលើការអភិវឌ្ឍន៍វិស័យខុនដូនៅកម្ពុជា លោកឧកញ៉ា សៀ រិទ្ឋី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge GROUP ដែលបាន និងកំពុងសាងសង់អាគារខុនដូ The Bridge, The PeK តម្លៃប្រ​មាណ១០០០លានដុល្លារអាមេរិកបានថ្លែងឲ្យដឹងថា វិស័យខុនដូនៅតែមានស​ ក្តា​​នុពលនៅកម្ពុជា ដូច្នេះមុនអភិវឌ្ឍន៍សាងសង់ខុនដូសម្រាប់លក់ អ្នកអភិវឌ្ឍន៍ត្រូវសិក្សាថា អ្នក​ណាគេជាសក្តានុពលទីផ្សាររបស់យើង។ បើយើងសិក្សាទីផ្សារមិនច្បាស់ យើងជួបបញ្ហាហើយ។ វានឹងងាប់ហើយ។ តែបើជាកត្តាសត្យានុម័តទូទៅសម្រាប់​វិស័យនេះ មិនមានផលប៉ះពាល់ទេ។
លោកបន្តថា “ហេតុនេះយើងត្រូវដឹងថា ចិនត្រូវ​ការបែបណា ជប៉ុនត្រូវការបែបណា សាំងហ្កាពួរ ឬហុងកុងត្រូវការបែបណា? យើងត្រូវសិក្សាឲ្យច្បាស់ ប៉ុន្តែបើយើងយកអតិថិជនទាំងអស់ យើងត្រូវរៀបចំគំរោងបែបណា ដើម្បីឲ្យពួកគេទទួលបានទាំងអស់គ្នា”។ លោកបន្ថែមថា “អ្នកអភិវឌ្ឈន៍ត្រូវឆ្លាតចំណុចហ្នឹង តែបើយើងមិនឆ្លាតហើយប៉ះពាល់ខ្លួនឯង ហើយនិយាយថាទីផ្សារអចលនទ្រព្យមានបញ្ហា គឺមិនមែននោះទេ”។
យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធី គ្រុបបានរកឃើញថា ចំនួនខុនដូនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ប្រមាណ៥០,០០០យូនីតនៅឆ្នាំ២០២០ខាងមុខ។
ការសិក្សារបស់ក្រុមហ៊ុន Urban living Solutions បានរកឃើញផងដែរថា នៅឆ្នាំ២០៣៥ ខាងមុខប្រជាជននឹងរស់នៅតាមខុនដូកាន់តែច្រើន ដោយសារការ​កើនឡើងនូវតម្លៃដីធ្លីក្នុងទីក្រុង ការកើនឡើងនូវកំណើនប្រជាសាស្រ្ត ការកកស្ទះ​ចរាចរណ៍ និងការរីកចម្រើននៃបច្ចេកវិទ្យា ដែលផ្តល់ឲ្យអ្នករស់នៅកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកសេវាកម្មនានា សម្រាប់ជីវិតស៊ីវិល័យរបស់ពួកគេ​ប្រចាំថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here