រដ្ឋបាលហុងកុងប្រកាសលុបចោលពន្ធប្រថាប់ ត្រាចំនួន៣ប្រភេទលើអចលនទ្រព្យលំនៅដ្ឋាន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង បានប្រកាសលុបចោលពន្ធ លើប្រតិបត្តិការអចលនទ្រព្យទាំងអស់ នៅក្នុងគោលបំណង ដើម្បីស្តារទីផ្សារលំនៅដ្ឋាន ដែលកំពុងដាំក្បាលចុះដូចពេលបច្ចុប្បន្ន។

សេដ្ឋកិច្ចហុងកុងត្រូវបានជំរុញ ពីដំបូងដោយសារការបើកព្រំដែនរបស់ប្រទេសចិនឡើងវិញ ក្រោយជំងឺរាតត្បាត ប៉ុន្តែសន្ទុះងើបឡើងវិញបានថយចុះ ចាប់តាំងពីពេលនោះមក ខណៈតម្លៃអចលនទ្រព្យលំនៅដ្ឋានបានដាំក្បាលចុះ ដល់កម្រិតទាបបំផុតមិនធ្លាប់មាន។

លោក Paul Chan រដ្ឋលេខាធិការ​ហិរញ្ញវត្ថុហុងកុង បានថ្លែងទៅកាន់ក្រុមប្រឹក្សានីតិប្បញ្ញត្តិ យ៉ាងដូច្នេះថា “ទីក្រុងហុងកុងនឹងលុបចោលការបង់ពន្ធប្រថាប់ត្រា៣ប្រភេទ ដោយមានប្រសិទ្ធិភាពភ្លាមៗ និងលុបចោលវិធានការ ទប់ស្កាត់ការទិញទុកលក់ចំណេញ និងទប់មិនឱ្យតម្លៃអចលនទ្រព្យ ហក់ឡើងខ្ពស់កប់ពពក ដែលបានដាក់ចេញកាលពីជាង១ទសវត្សរ៍មុន”។

លោក Chan បានថ្លែងប្រាប់អង្គនីតិបញ្ញត្តិថា “បន្ទាប់ពីពិចារ ណាដោយប្រុងប្រយ័ត្ន លើស្ថានភាពបច្ចុប្បន្នទាំងមូល យើងសម្រេចចិត្តលុបចោលវិធានការ គ្រប់គ្រងផ្នែកតម្រូវការទាំងអស់ សម្រាប់អចលនទ្រព្យលំនៅដ្ឋាន ដោយចូលជាធរមានភ្លាមៗ”។

ពន្ធដែលត្រូវបានលុបចោលនោះ រួមមាន ការយកពន្ធប្រថាប់ត្រាចំនួន១៥ភាគរយ នៃតម្លៃអចលនទ្រព្យ ពីអ្នកទិញដែលមិនមែនជាអ្នករស់នៅអចិន្ត្រៃយ៍ នៅទីក្រុងហុងកុង និងពន្ធប្រថាប់ត្រាចំនួន៧,៥ភាគរយលើអ្នកទិញផ្ទះទីពីរ។

លោក Paul Chan បញ្ជាក់ថា “រាល់ប្រតិបត្តិការអចលនទ្រព្យលំនៅដ្ឋានទាំងអស់ មិនចាំបាច់បង់ពន្ធប្រថាប់ត្រាពិសេស ពន្ធប្រ ថាប់ត្រារបស់អ្នកទិញ ឬពន្ធប្រថាប់ត្រាលំនៅដ្ឋានថ្មីនោះទេ ដោយចាប់ផ្តើមពីថ្ងៃទី២៨ ខែកុម្ភៈនេះ”។

រដ្ឋលេខាធិការហិរញ្ញវត្ថុហុងកុងរូបនេះបន្ថែមថា “យើង​ពិចារ ណាឃើញថា​ វិធានការ​ពាក់ព័ន្ធ​ទាំងអស់នេះ លែង​មានភាពចាំបាច់​ទៀតហើយ​ ស្របពេលដែលស្ថានភាព​សេដ្ឋកិច្ច​ និង​ទីផ្សារ​បច្ចុប្បន្នកំពុងជួបការលំបាក”។

លោក Chan បាន​ឱ្យដឹងទៀតថា សេដ្ឋកិច្ច​របស់​ទីក្រុង​ហុងកុង​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើនឡើង​ពី២,៥ភាគរយ​ទៅ៣,៥ភាគរយ​នៅ​ឆ្នាំ​២០២៤នេះ ខណៈសេដ្ឋកិច្ចហុងកុង បានកើនឡើង៣,២ភាគរយក្នុងឆ្នាំ២០២៣។

លំនៅដ្ឋាននៅទីក្រុងហុងកុង ដែលធ្លាប់តែមានតម្លៃថ្លៃបំផុតក្នុងពិភពលោកបានធ្លាក់ចុះ២០ភាគរយ ចាប់តាំងពីឆ្នាំ២០២១ ដោយ សារការថយចុះនៃទំនុកចិត្តទីផ្សារ និងការកើនឡើងនៃអត្រាការប្រាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here