ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ដំណឹងល្អមួយបានមកដល់ទៀតហើយ សម្រាប់អ្នកធ្វើដំណើរទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មិនចាំបាច់បារម្ភពីការកកស្ទះចរាចរណ៍ទេ ដោយក្រុមហ៊ុន Royal Railway នឹងដាក់ដំណើរការថយថភ្លើងធុនស្រាលពីស្ថានីយ៍រថភ្លើងកណ្តាលក្រុង ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនាដើមឆ្នាំ២០១៨ខាងមុខនេះ។
ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន Royal Railway បានមានប្រសាសន៍ឲ្យដឹងកាលពីព្រលប់ថ្ងៃម្សិលម៉ិញនេះថា រថភ្លើងធុនស្រាលនេះ នឹងបើកដំណើរការដឹកភ្ញៀវក្នុងខែមេសាឆ្នាំ២០១៨ ដោយដឹកអ្នកដំណើរទៅមករវាងព្រលានយន្តហោះភ្នំពេញអន្តរជាតិ មកកាន់ស្ថានីយ៍រថភ្លើងភ្នំពេញ។
លោកបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្មបានថ្លែងថា ការមានបណ្តាញរថភ្លើងថ្មីបែបនេះ នឹងជួយលើកកំពស់សោភ័ណភាពទីក្រុង ជួយសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរណ៍ និងផ្តល់ជម្រើសកាន់តែច្រើនដល់អ្នកធ្វើដំណើរនៅក្នុងទីក្រុង ដែលបញ្ហាកកស្ទះចរាចរណ៍កំពុងក្លាយជាបញ្ហាប្រឈមថ្មីមួយសម្រាប់ទីក្រុងនេះ។
លោកបន្តថា “ការមានបណ្តាញដឹកជញ្ជូនច្រើន មិនត្រឹមតែផ្តល់ជម្រើសច្រើនដល់ប្រជាពលរដ្ឋទេ ប៉ុន្តែជាការរំលែកនូវការធ្វើដំណើរទៅកាន់ជម្រើសថ្មី មិនឲ្យមានការប្រមូលផ្តុំតែមួយកន្លែង ដែលបង្កផលប៉ះពាល់បរិស្ថានផង និងកាត់បន្ថយការកកស្ទះចរាចរណ៍ផង។
អ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានអគ្គនាយកនៃក្រុមហ៊ុន Royal Group តែងតែជាអ្នកវិនិយោគនាំមុខគេ ក្នុងការវិនិយោគលើ វិស័យថ្មីៗដែលតែងតែស្ថិតក្នុងយុទ្ឋសាស្ត្រ នៃការធ្វើជំនួញរបស់លោកនៅកម្ពុជា៕