ក្រុមហ៊ុន​យក្ស​ចិន​ចំនួន៣ គ្រោង​បោះទុន​រាប់ពាន់​លាន​ដុល្លារ​ដើម្បីផ្លាស់ប្តូរ​មុខមាត់​កម្ពុជា

0

ដោយ៖ ដួង ចន្ទ្រា

ភ្នំពេញ៖ ក្រុមហ៊ុន​យក្ស​ចំនួន៣គ្រោង​វិនិយោគ ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ក្នុង​វិស័យ​អចលនទ្រព្យ​និង​ទេសចរណ៍​នៅ​កម្ពុជា ដើម្បី​ជំរុញ​កំនើនសេដ្ឋកិច្ច​កម្ពុជា ស្របពេល​ទំនាក់ទំនង​របស់​រដ្ឋា​ភិ​បាល​ប្រទេស​ទាំងពីរ​កាន់តែ​ស្អិតរ​មួ​ត។

ក្រុមហ៊ុន​យក្ស​ចំនួន​បី​នោះ​រួមមាន Greenland Holding Group, Henan transport Investment Group និង​ក្រុមហ៊ុន​សាជីវកម្ម​អភិវឌ្ឍន៍​សំណង់​ចិន​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ង​ហ្វិ​ក​ខាងត្បូង។

អគ្គនាយក​ក្រុមហ៊ុន GREENLAND Holding Group លោក​ហ្សា​ង យូ​លាង​ដែល​បាននិងកំពុង​វិនិយោគ​នៅ​កម្ពុជា ក្នុង​ទឹកប្រាក់៤០០០លាន​ដុល្លារ និង​គ្រោង​បោះទុន៧០០០លាន​ដុល្លារ​នៅ​កម្ពុជា​បន្ថែមទៀត បាន​ថ្លែង​ក្នុងជំនួប​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​កាលពីដើម​សប្តាហ៍​នេះ​ថា លោក​មាន​គំរោង​វិនិយោគ​សាងសង់​អាគារខ្ពស់ៗនៅ​ទីក្រុង​រណប​កោះ​ពេជ្រ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ រថភ្លើង​អាកាស និង​គំរោង​ទេសចរណ៍​នៅ​កម្ពុជា ដោយសារ​កម្ពុជា​កំពុងមាន​ការរីកចំរើន​យ៉ាង​ឆាប់រហ័ស កំនើន​ទេសចរណ៍​អន្តរជាតិ និង​សន្តិភាព ស្ថិរភាព​នយោបាយ​ដែល​កម្ពុជា​កំពុង​សម្រេចបាន។

ក្រុមហ៊ុន​ទាំងនេះ​នឹង​រៀបចំ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នានា​ក្នុង​ដំនើរ​ទស្សនកិច្ច​របស់​លោក​លី កឺ​ឈាង​នាយករដ្ឋមន្ត្រី​ចិន ដែល​នឹង​អញ្ជើញ​មក​ទស្សនកិច្ច​និង​ចូលរួម​កិច្ចប្រជុំ​មេគង្គ ឡាន​ឆាង​នា​ខែមករា ឆ្នាំ២០១៨ខាងមុខនេះ។

ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ថោង ខុន លោក Gu Shan តំណាង​ក្រុមហ៊ុន​សាជីវកម្ម​អភិវឌ្ឍន៍​សំណង់​ចិន ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី   ហ្វិ​ក​ខាងត្បូង​បាន​ថ្លែង​ឲ្យ​ដឹងថា កំនើន​ទេសចរណ៍​អន្តរជាតិ កំនើនសេដ្ឋកិច្ច និង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​រវាង​រដ្ឋាភិបាល​កម្ពុជា ចិន​លោក​គ្រោង​នឹង​វិនិយោគ​លើ​វុ​ស័​យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​វិស័យ​បដិសណ្ឋារកិច្ច​ទេសចរណ៍​នៅ​កម្ពុជា។

អ្វី​ជា​តម្រូវការ​របស់​កម្ពុ​ជា លោក​ថោង ខុន​បាន​មានប្រសាសន៍ថា កម្ពុជា​កំ ពុង​មាន​តម្រូវការ​ប្រ​ព័​ន្ឋ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ត​ភ្ជាប់​ទៅកាន់​គោលដៅ​ទេសចរណ៍​នានា ពិសេស​តំបន់ឆ្នេរ​កំពុង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិថ្មីៗ ព្រោះ​កម្ពុជា​កំពុង​ទទួលបាន​កំនើន​ទេសចរណ៍​អន្តរជាតិ​ខ្ពស់ និង​រំពឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ៧លាន​នាក់​នៅ​ឆ្នាំ២០២។

បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន​បាន​ជាប់​ចំណាត់ថ្នាក់​លេខ១ ក្នុងការ​វិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា។

 

លោក​គីម ហ៊ាង​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា ប្រទេស​ណា​ក៏​ត្រូវការ​អ្នកវិនិយោគ​ដែរ ហើយ​ពីមុន​សហរដ្ឋអាមេរិក និង​អឺរ៉ុប​ជា​អ្នក​ចេញមក​វិនិយោគ​នៅ​បរទេស ប៉ុន្តែ​បច្ចុប្បន្ន​ពួកគេ​ក៏​កំពុង​ទាក់ទាញ​អ្នកវិនិយោគ​ចិន​ដែរ ហេតុនេះ​ចិន​មក​វិនិយោគ​នៅ​កម្ពុ​ជាច្រើន​កាលណា​កាន់តែ​ល្អ ព្រោះ​វា​នឹង​ជួយ​ជំរុញ​កំនើនសេដ្ឋកិច្ច​និង​សង្គម​កម្ពុជា។

លោក​បន្តថា “មិនមែន​ចិន​ផ្លាស់ប្តូរ​កម្ពុជា​ទេ តែ​កម្ពុជា​នឹង​ដើរ​ក្នុង​លក្ខ​ខ័​ណ្ឌ​សេដ្ឋកិច្ច និង​នយោបាយ ព្រោះ​ចិន​ជា​អ្នកធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​លំនឹង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here