ដោយ : រ៉ាវី
ភ្នំពេញ : ប្រជាពលរដ្ឋភាពច្រើន បានមើលរំលងខេត្តស្ទឹងត្រែង និងចាត់ទុកជាខេត្តឆ្លងកាត់មួយប៉ុណ្ណោះ ដោយសារការផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តនេះនៅមានកម្រិត ប៉ុន្តែការពិតខេត្តនេះជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញ ប្រៀងដូចឋានសួគ៌បង្កប់ខ្លួននៅដងទន្លេមេគង្គ និងកណ្តាលព្រៃដ៏ស្ងប់ស្ងាត់មួយ។
ប៉ុន្តែតាមពិតខេត្តភូមិភាគឥសាន្តមួយនេះ មានរមណីយដ្ឋានមានភាពទាក់ទាញ និង ស្រស់ស្អាតបំផុត និងតែងប្រែប្រួលរួបរាងតាមរដូវកាលផងដែរ។
លោក ថោង អូន អ្នកវិនិយោគរមណីយដ្ឋាន Mekong Bird នៅក្នុងខេត្តនេះបានថ្លែងថា ប្រជាពលរដ្ឋភាគច្រើនមិនដឹង និងសូវមកកំសាន្តនៅខេត្តនេះទេ ដោយសារពួកគេគិតថាខេត្តនេះ មិនមានកន្លែងកំសាន្តច្រើន ប៉ុន្តែប្រសិនជាពួកគេមកដល់ ពួកគេមិនចង់ត្រលប់ទៅវិញនោះទេ ដោយសារជក់ចិត្តនឹងសម្រស់ធម្មតាមតាមដងទន្លេមេគង្គ និងទន្លេសេកុង សេសាន ដែលបង្កប់នូវសម្រស់ធម្មជាតិ មិនសរសើរមិនបាន។ លោកបន្តថា មកទស្សនាខេត្តស្ទឹងត្រែង ភ្ញៀវទេសចរអាចមកទស្សនាបានគ្រប់ពេល ប៉ុន្តែរដូវកាលដែលអំណោយផលបំផុត គឺចាប់ពីខែវិច្ឆិកាដល់ខែមេសា ឬឧសភា។
ថ្ងៃនេះគេហទំព័ រPropertyarea.asia សូមនាំលោកអ្នកឲ្យស្គាល់ពីរមណីយដ្ឋានល្បីៗទាំងនោះ។
ទឹកធ្លាក់ល្បាក់ខោន គឺជាតំបន់មួយដែលមានទន្លេមេគង្គហូរឆ្លងកាត់ចុះ មកមានកម្ពស់ប្រមាណជាង20ម៉ែត្រ ចេញពីតំបន់ខ្ពង់រាប ជាប់ព្រំដែនប្រទេសកម្ពុជានិងសាធារណរដ្ឋឡាវ។ នៅក្នុងរដូវភ្លៀងទឹកទន្លេចាប់ផ្តើមឡើងពេញប្រៀបមាត់ច្រាំងដោយទំហំទឹកធំ និងល្បឿនកាន់តែខ្លាំង បានបង្កើតឱ្យមានទស្សនីយភាព កាន់តែស្រស់ស្អាតគួរជាទីគយគន់ជាមួយផ្សែងអ័ព្វដែលបានផុសចេញពីទឹកដែលកំពុងធ្លាក់។ ចំណែកឯនៅក្នុងរដូវប្រាំងវិញ ទឹកក៏ចាប់ផ្តើមចុះស្រក បាននាំឱ្យទីនេះលេចចេញនូវទេសភាពល្អត្រកាល មួយបែបទៀត ដោយប្រែក្លាយជាវាលដែលរំលេចដោយថ្មពណ៌ក្រហម ខ្មៅ និងស ។ តែភ្ញៀវទេសចរដែលបានទៅលេងនៅទីនោះ ក៏ត្រូវប្រយ័ត្ន នឹងដុំថ្មស្រួចៗរដិបរដុបដែលនៅទីនោះផងដែរ។ នៅពេលថ្មីៗនេះ ក៏មានក្រុមទេសចរបានចាប់ផ្តើមធ្វើដំណើរមកកំសាន្តនៅរមណីដ្ឋានទឹកធ្លាក់ល្បាក់ខោននេះដែរ ដោយមានស្លៀកសំលៀកបំពាក់ការពារសុវត្ថិភាព នៅពេលដែលពួកគេធ្វើដំណើរតាមទូកមកទស្សនានៅទីនោះ។
បូរីអូរស្វាយ ៖ បូរីអូរស្វាយស្ថិតក្នុងឃុំអូរស្វាយ នៃស្រុកថាឡាបូរិវ៉ាត ហើយទីនេះគឺជារមណីយដ្ឋានមួយ ក្នុងចំណោមរមណីយដ្ឋាន ដែលពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់នេះគឺជាផ្នែកមួយ នៃរាជធានីអាណាចក្រខ្មែរនាសម័យបុរាណ និងរាប់បញ្ចូលទាំងតំបន់រុំាសា (តំបន់អភិរក្ស លិចទឹក) ដែលមានសត្វផ្សោតជាច្រើនរស់នៅតាមបណ្តោយទន្លេមេគង្គ សត្វបក្សាបក្សី សត្វព្រៃ ជាច្រើនរស់នៅតំបន់ព្រៃឈើអភិរក្ស ដែលរាជរដ្ឋាភិបាលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ ស្ពានយោល វត្តអារាម ដោយរាប់បញ្ចូលទាំងផ្ទះសំណាក់ សាធារណៈ(ផ្ទះសម្រាប់ស្នាក់នៅ) មជ្ឈមណ្ឌលព័ត៌មាន និងកំពង់ផែទូកសម្រាប់ភ្ញៀវទេសចរ។ ល។
រមណីដ្ឋានបូរីអូរស្វាយ ប្រៀបបាននឹងត្បូងពេជ្រដ៏មានតម្លៃដែលបានផុសឡើងនៅក្នុងទ្រូងព្រៃ ត្រូពិចពណ៌បៃតង ដែលលាតសន្ធឹងតាមបណ្តោយទន្លេមេគង្គ។ វាបានផ្តល់នូវសម្បត្តិព្រៃឈើដ៏ប្រសើរ ដែលជាជម្រកដ៏ប្រសើរសម្រាប់សត្វព្រៃ ជាពិសេស ហ្វូងបក្សាបក្សី និងជាជម្រកត្រីដ៏ប្រសើរ ក្នុងរដូវវស្សា ហើយមានត្រីផ្សោតដ៏ច្រើន ។ នៅរដូវប្រាំងពេលទឹកស្រក ទីនេះបានរំលេចឱ្យឃើញនូវឆ្នេខ្សាច់ពណ៌សដ៏ស្រស់ស្អាត ដែលលាតសន្ធឹងតាមបណ្តោយដងទន្លេ គួរឱ្យចង់ដើរលេងកំសាន្ត ។
កោះព្នៅ ៖ កោះព្នៅមានទីតាំងនៅតាមបណ្តោយដងទន្លេមេគង្គ និងស្ថិតនៅក្នុងឃុំអូរស្វាយ ។ កោះនេះត្រូវបានគេជ្រើសរើស ជាសហគមន៍អេកូទេសចរណ៍ ពីព្រោះតែសម្រស់ធម្មជាតិដ៏ត្រកាលនៅរដូវប្រាំង។ ទីតាំងភូមិសាស្រ្តនៃកោះព្នៅនៅរដូវប្រាំង មានទំហំធំ ហើយវាព័ទ្ធជុំវិញដោយឆ្នេរខ្សាច់ពណ៌ស តាមបណ្តោយដងទន្លេមេគង្គ ដែលនៅផ្នែកខាងកើត និងខាងលិច កោះមានទឹកថ្លាយង់ បានហូរធ្លាក់ចុះមក ហើយថ្មសំប៉ែត ហាក់បីដូចជាក្រាលនៅក្នុងព្រែកយ៉ាងដូច្នេះ។ នៅតាមបណ្តោព្រែកតូចៗ ដែលមានទឹកហូរមិនដាច់នោះ ក៏មានចំការស្វាយ ត្រូវបានគេដាំប្រៀបបាននឹងឋានសួគ៌ នៃហ្វូងបក្សាបក្សីជំពូកសត្វទឹក ដូចជាព្រាប សេក ក្អែក ។ល។ មានពេល ខ្លះ ហ្វូងសត្វត្មាត ជាច្រើនបានហើចុះមកទីនេះ នៅក្នុងរដូវប្រាំង។
អូរឬស្សីកណ្តាល ៖ រមណីដ្ឋានអូរឬស្សីកណ្តាល ត្រូវបានសហគមន៍អេកូទេសចរណ៍ដាក់ជាតំបន់អភិរក្ស និងធ្វើឱ្យប្រសើរឡើងនូវការរីកលាស់នៃធម្មជាតិ និងបម្រើនូវតម្រូវការរបស់ភ្ញៀវទេសចរ។ នៅពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការប្រមូលផ្តុំ និងរៀបចំធ្វើការផ្សព្វផ្សាយអំពីតំបន់អេកូទេសចរណ៍មួយនេះ ដោយមានការតភ្ជាប់ហេដ្ឋារចនាសម្ពន្ធជាច្រើនទៅកាន់តំបន់នេះ។ រាជរដ្ឋាភិបាល និងផ្នែកឯកជនបានសង្ឍឹមថា ចំនួនភ្ញៀវទេសចរដែលមានចំនួន ចេះតែកើតឡើងនឹងរីកសាយភាយកាន់តែច្រើន ព្រោះតំបន់នេះនៅជិតផ្លូវជាតិលេខ7 ដែលងាយស្រួលក្នុងការធ្វើដំណើរ។
ប្រាសាទព្រះធាតុ ៖ រមណីយដ្ឋានប្រាសាទព្រះធាតុ ស្ថិតនៅលើតំបន់ខ្ពង់រាប ដែលមានចំងាយ3គីឡូម៉ែត្រពីជាយក្រុងស្ទឹងត្រែង។ ប្រាសាទព្រះធាតុគឺជារមណីយដ្ឋានវប្បធម៌មួយក្នុងបណ្តារមណីយដ្ឋានដ៏ពេញនិយមជាច្រើនទៀត និងជាទីគោរពសក្ការៈសម្រាប់ប្រជាជនរស់នៅតំបន់នោះ ក៏ដូចជាភ្ញៀវទេសចរផងដែរ។ រមណីដ្ឋាននេះ គឺជាផ្នែកដ៏សំខាន់មួយនៃប្រវត្តិសាស្ត្ររបស់ខេត្ត ដែលប្រសាទនេះត្រូវបានគេកសាងឡើងក្នុងសតវត្សទី6 .គ.ស ក្នុងរាជព្រះបាទជ័យវរ័ន្មទី1 ដើម្បីគោរពដល់ព្រហ្មញ្ញសាសនា។
តួប្រសាទ ដែលបានរលំបាក់បែក នៅសល់តែគ្រឹះ និង ស្នាមកាំជណ្តើរ ដែលមានន័យថា នេះគឺមាន តែតួប្រាសាទតែមួយប៉ុណ្ណោះ។ ចំណែកនៅចំណ្តាលនៃតួប្រាសាទបានបន្សល់ទុកយោនីពាក់ កណ្តាល និងលិង្គព្រះឥសូរពាក់កណ្តាល ដែលយោនី និងលិង្គព្រះឥសូរនេះជានិមិ្មតរូបតំណាងឱ្យព្រះអាទិទេព ដែលប្រជាជនរស់នាំតំបន់នេះ និងភ្ញៀវទេសចរមកសុំសេចក្តីសុខសប្បាយ និងសំណាងល្អ។ រមណីយដ្ឋានប្រាសាទព្រះធាតុ ត្រូវបានកសាងឡើងពីឥដ្ឋ និងថ្មបាយក្រៀម។ ទំហំពិតប្រាកដនៃប្រាសាទ គឺប្រហាក់ប្រហែលនឹងទំហំនៃប្រាសាទព្រះគោនៅក្នុងស្រុកថាឡាបូរិវ៉ាត់ផងដែរ។
ប្រាសាទព្រះគោ ៖ រមណីយដ្ឋានប្រាសាទព្រះគោ ស្ថិតនៅក្នុងឃុំថាឡាបូរិវ៉ាត់ ដែលភ្ញៀវទេសចរអាចធ្វើដំណើរដល់ទីនោះតាមទូក ដោយឆ្លងកាត់ទន្លេ សេកុង និងទន្លេមេគង្គ ដែលជាចំនុចប្រសព្វគ្នាមានទឹកហូរខ្មួលខ្មាញ់។ ប្រសាទព្រះគោ គឺជារមណីដ្ឋានប្រវត្តិសាស្រ្តមួយដ៏មានសារៈសំខាន់នៃខេត្តស្ទឹងត្រែងដែលត្រូវបានកសាងឡើងនៅក្នុងសតវត្សទី 6-7 ក្នុងរាជព្រះបាទជ័យវរ័ន្មទី1 សម្រាប់ឧទ្ទិសចំពោះអាទិទេពក្នុងសាសនាព្រាហ្មណ៍ ។ នៅពេលច្ចុប្បន្ននេះ គឺនៅសល់តែតួព្រះវិហារ ដែលមានបណ្តោយជាង 9ម៉ែត្រ និងកម្ពស់៧ម៉ែត្រ តែប៉ុណ្ណោះ ។ ចំណែកផ្នែកដទៃទៀតដែលមានប្រាសាទជាច្រើនត្រូវបានកសាងជុំវិញព្រះវិហារត្រូវបានរលំដួលបាក់បែកអស់ហើយ។
ទឹកធ្លាក់អូរចាប ៖ ទឹកធ្លាក់អូរចាប គឺជារមណីយដ្ឋានមួយដ៏ពេញនិយម ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិនិយមទៅទស្សនា ងូត ហែលទឹកកំសាន្ត។ មានប្រឡាយទឹកជាច្រើន ដែលបានហូរមកប្រជុំគ្នា ធ្វើឱ្យទឹកធ្លាក់ពីលើចំណោទថ្មមានល្បឿនខ្លាំងចាប់ពីខែមករា រហូតដល់ខែមេសា ដែលនាំឱ្យដើមឈើលាស់ ស្លឹកបៃតងស្រស់បំព្រង កាន់តែមានភាពទាក់ទាញភ្ញៀវទេសចរ ទស្សនា និងងូតកំសាន្ត ជាមួយទឹកដ៏ត្រជាក់ និងថ្លាយង់ដូចកញ្ចក់។ ជាធម្មតាភ្ញៀវទេសចរ កាលណាគេធ្វើដំណើកំសាន្ត គេតែងតែនឹកឃើញដល់រមណីដ្ឋានទឹកធ្លាក់អូរចាបនេះ។
អាងត្រីផ្សោតអន្លង់ស្វាយធំ ៖ អាងត្រីផ្សោតអន្លុងស្វាយធំ ឬក៏អាចហៅម្យ៉ាងទៀតថា ត្រីផ្សោតព្រះរំកិល គឺជារមណីដ្ឋានមួយ ក្នុងចំណោមកន្លែងដ៏មានសារៈសំខាន់ជាច្រីន សម្រាប់តំបន់អភិរក្សសត្វព្រៃ ទន្លេមេគង្គ នៅក្នុងប្រទេសកម្ពុជា ហើយក៏ដូចជាសម្រាប់តំបន់អាស៊ីអាគេ្នយ៍។ តំបន់នេះគឺជាតំបន់មួយក្នុងចំណោមតំបន់4ផ្សេងទៀតនៅអាស៊ីអគ្នេយ៍ ដែលជាកន្លែងអម្បូរថនិកសត្វ ។ រមណីដ្ឋាននេះ មានទីតាំងស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងឃុំព្រះរំកិល ស្រុកថាឡាបូរិវ៉ាត់ ខេត្តស្ទឹងត្រែង។ តំបន់នេះមិនត្រឹមតែជាតំបន់អភិរក្សប៉ុណ្ណោះទេ ក៏បានផ្តល់នូវទស្សនីយ៍ភាពដ៏គួរឲគយគន់ទស្សនា នូវត្រីផ្សោតទន្លមេគង្គផុស និងលោតឡើងពីទឹកដ៏ថ្លាយង់ដូចកញ្ចក់។
នៅរដូវប្រាំង អាងត្រីផ្សោតនៃរមណីយដ្ឋានអន្លុងស្វាយធំ កាន់តែមានភាពទាក់ទាញខ្លាំងឡើងៗ និងងាយស្រួលសម្រាប់ភ្ញៀវទេសចរបានមើលឃើញយ៉ាងងាយស្រួល នូវប្រភេទថនិកសត្វទន្លេ មេគង្គមួយនេះ ។ ជួនកាល អ្នកអាចឃើញវាលោតផុតពីទឹកទាំងគូ ឬទាំងកូនវា ដូចជាត្រីផ្សោត ដែលអ្នកបានឃើញតាមទូរទស្សន៍យ៉ាងដូច្នេះដែរ។