ផ្ទៃដី​ដាំដំឡូង​មី​ឆ្នាំនេះ មាន​ចំនួន៦៧ម៉ឺន​ហិកតា ខណៈ​តម្លៃ​ប្រសើរ​ជាង​ឆ្នាំមុន

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ រដ្ឋមន្ត្រី​កសិកម្ម​លោក​វេ​ង សាខុន​បាន​លើ់កឡើងថា ទិន្នផល​ដំឡូង​មី​ឆ្នាំនេះ​មាន​ភាពល្អប្រសើរ ខណៈ​តម្លៃ​លក់​ចេញ​ឆ្នាំនេះ​ក៏មាន​ភាពប្រសើរ​ជាង​ឆ្នាំមុន​ផងដែរ ដែល​ធ្វើ​ឲ្យ​កសិករ​ដាំដំឡូង​មី​សប្បាយចិត្ត។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុ​ក្ឋា​ប្រមាញ់​និង​នេសាទ​លោក​វេ​ង សាខុន​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​សប្តាហ៍​មុន​ថា ទិន្នផល​ដំឡូង​មី​ឆ្នាំនេះ​មាន​ភាពល្អប្រសើរ ខណៈ​តម្លៃ​លើ​ទីផ្សារ​ក៏មាន​ភាពល្អប្រសើរ​ផងដែរ ដោយ​កសិករ​អាច​លក់​ដំឡូង​មី​ស្រស់​ក្នុងតម្លៃ​ចន្លោះ​ពី៣០០ ទៅ៣៥០រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈ​ឆ្នាំមុន​តម្លៃ​ដំឡូង​មី​មាន​ចន្លោះ​ត្រឹម១០០ទៅ១៥០រៀល​ប៉ុណ្ណោះ។លោក​បាន​បន្តថា ទោះជា​យ៉ាងណា​ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​ឆ្នាំនេះ មិនមាន​កំនើន​ទេ ដោយសារ​កសិករ​មាន​ការ​រាងចាល នឹង​ការធ្លាក់ចុះ​តម្លៃ​កាលពី​ឆ្នាំមុន។

លោក​បន្តទៀតថា “ការនាំចេញ​ដំឡូង​មី​ភាគច្រើន បាន​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ និង​ទៅកាន់​ប្រទេស​ចិន​ដោយ​ឆ្លងកាត់​ប្រទេស​វៀតណាម​ផងដែរ ប៉ុន្តែ​បច្ចុប្បន្ន​ក៏មាន​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​ផងដែរ តាមរយៈ​រោងចក្រ​កែច្នៃ​ចំណី​សត្វ​ក្នុងស្រុក។លោក​បន្តថា “ជាទូទៅ​ដំឡូង​មី​ឲ្យ​ផល​ចន្លោះ​ពី២០ទៅ៣០តោន​ក្នុង​មួយ​ហិកតា អាស្រ័យ​លើ​ស្ថានភាព​ដី​និង​លក្ខ​ខ័​ណ្ឌ​អាកាសធាតុ។

ជាមួយនឹង​បញ្ហា​តម្លៃ​កាលពី​ឆ្នាំមុន បានធ្វើ​ឲ្យ​ផ្ទៃដី​ដាំដំឡូង​មី​ឆ្នាំនេះ​ថយ​ចុះមក​នៅត្រឹម​ទំហំ៦៧ម៉ឺន​ហិកតា​នៅ​ទូទាំងប្រទេស។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន ​Emerging Market Consulting បាន​ថ្លែងថា ទីផ្សារ​កសិផល​នៅ​កម្ពុជា​មិនទាន់មាន​ភាពប្រាកដប្រជា​នៅឡើយ ដែល​ទាមទារ​ឲ្យ​មានការ​សិក្សា​បន្ថែមទៀត​ពី​ទីផ្សារ និង​ជំរុញ​ការនាំចេញ ប៉ុន្តែ​ប្រសិនជា​យើង​មើល​ស្ថានភាព​តមលៃ​កសិផល​ឆ្នាំនេះ​មាន​សញ្ញា​វិជ្ជមាន​ច្រើន ដែល​អាចធ្វើ​ឲ្យ​ប្រជាកសិករ​មាន​ភាព​រីក​រាយ តែ​យ៉ាងណា​ការរក្សាបាន​នូវ​តម្លៃ​ដែល​អាច​ទុកចិត្តបាន និង​ធ្វើ​ឲ្យ​ទីផ្សារ​មាន​ស្ថិរភាព​មាន​សារៈសំខាន់​ណាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here