ភ្នំពេញ៖ ប្រទេសកម្ពុជានឹងមានព្រលានយន្តហោះអន្តរជាតិចំនួន៣ បន្ថែមទៀត នាពេលអនាគត ដើម្បីឆ្លើយតបទំនឹងកំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំង សមត្ថភាពយន្តហោះចុះចតកាន់តែធំជាងមុន ច្រើនជាងមុន។
ព្រលានយន្តហោះទាំង៣នោះរួមមាន ទី១ ព្រលានយន្តហោះលំដាប់អន្តរជាតិ4Fដែលវិនិយោគដោយក្រុមហ៊ុនUnion Development Group ស្ថិតនៅខេត្តកោះកុងដែលបាននិងកំពុងសាងសង់ ទី២ នៅខេត្តសៀមរាប ដែលសម្តេចតជោ គ្រោងនឹងញ្ជើញទៅបើករដ្ឋាននាពេលខាងមុខដ៏ខ្លី។ព្រលានយន្តហោះនេះ វិនិយោគទឹកប្រាក់ប្រមាណ៩០០លានដុល្លារអាមេរិក ស្ថិតក្នុងសូទ្រនិគម ខេត្តសៀមរាប និងទី៣ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលវិនិយោគដោយក្រុមហ៊ុនOCIC លើផ្ទៃដី២៦០០ហិកតា ក្នុងតម្លៃ១៥០០លានដុល្លារអាមេរិក។ ព្រលានយន្តហោះនេះ នឹងសាងសង់នៅចន្លោះព្រំប្រទល់ខេត្តកណ្តាល និងតាកែវ ដែលអជ្ញាធរកំពុងតែដុតជើងដុតដៃក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ។
លោកជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឱ្យដឹងកាលពីថ្ងៃទី៧ ខែមីនាឆ្នាំ២០១៩នេះថា ការសាងសង់ព្រលានយន្តហោះអន្តជាតិបន្ថែមនេះ ដោយសារបច្ចុប្បន្ននេះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ អាចឱ្យយន្តហោះដែលប្រើរយៈពេល៦ម៉ោងចុះក្រោមចុះចតបាន ពោលគឺយន្តហោះក្នុងតំបន់ ប៉ុន្ដែមិនអាចឱ្យយន្តហោះផ្លូវឆ្ងាយមកពីទ្វីប ផ្សេងៗចុះចតកើតនោះទេ។
លោកបានបន្ដថា ព្រលានអន្តរជាតិថ្មីពីរកន្លែងទៀតនៅចន្លោះខេត្តកណ្តាល និងខេត្តតាកែវ និងមួយកន្លែងទៀតនៅ ខេត្តសៀមរាបអាចឱ្យហោះយន្តហោះឆ្លងទ្វីបអាចចុះចតបាន។ ដូច្នេះរាល់យន្តហោះ ដែលហោះឆ្លងទ្វីបក្នុងរយៈពេល១២ ទៅ១៦ម៉ោង អាចហោះត្រង់មកចុះចតនៅព្រលានយន្ដហោះអន្តរជាតិថ្មី នៅភ្នំពេញ និងព្រលានយន្ដហោះអន្តរជាតិថ្មីនៅសៀមរាបបាន។
លោកបញ្ជាក់ថា តែទោះបីយ៉ាងណាសព្វថ្ងៃក្រុមហ៊ុនវិនិយោគកំពុង សិក្សាយ៉ាងយកចិត្តទុកដាក់បំផុត មុននឹងចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគជាផ្លូវការក្នុងការ សាងសង់ព្រលានយន្ដហោះក្នុងស្រុក។ ជាមួយគ្នានេះ នៅពេលមានការកសាងសង់ព្រលានយន្ដហោះក្នុងស្រុកបានកាន់តែច្រើន នឹងធ្វើឱ្យធុរជនដែលមានការងារបន្ទាន់ ងាយស្រួលធ្វើដំណើរបានលឿនទៅកាន់ខេត្តឆ្ងាយៗ និងមានសុវត្ថិភាពជាងការធ្វើដំណើរតាមផ្លូវគោក។
រដ្ឋាភិបាលបានព្យាករណ៍ថា កម្ពុជាអាចទទួលបានអ្នកដំណើរឆ្លងកាត់តាមផ្លូវអាកាសចំនួន៣០លាននាក់នៅឆ្នាំ២០៣០ខាងមុខនេះ៕