រដ្ឋាភិបាលសម្រេចបង្កក “ការទិញ លក់ដីធ្លី” នៅតាមគន្លងជីកព្រែក ជីកហ្វូណនតេជោដើម្បីបង្ការដីឡើងថ្លៃ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល​ បានសម្រេច​បង្កក​ការ​ទិញ​លក់​ដី ​នៅតាម​គន្លង​ព្រែកជីក​នេះ ​ចៀស​វាង​កុំ​ឲ្យ​តម្លៃ​ដី​​ឡើង​ថ្លៃ។ នេះ​បើ​តាម​ការ​លើក​ឡើង​ របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី១​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

លោក​ ស៊ុន ចាន់​ថុល ក្នុង​ជំនួប​ជាមួយ​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃទី៣ ខែ​ឧសភា​កន្លង​ទៅ​​បាន​អំពាវ​នាវ ​ដល់​ពលរដ្ឋ​ទាំង​អស់​ ដែល​រស់​នៅ​តាម​​​បណ្ដោយ​គន្លង ​ព្រែកជីក​នេះ​ឲ្យ​សហការ ​ដើម្បី​ឲ្យ​គម្រោ​ង​ជា​ប្រវត្តិសាស្ត្រ​នេះ ​សម្រេច​បាន​ដោយ​ជោគជ័យ។

លោក​បញ្ជាក់ថា “យើង​ត្រូវ​ធ្វើ​គម្រោង​ព្រែកជីក​ហ្វូណន ​​តេជោ​ឲ្យ​បាន! ចូលរួម​ កុំ​ទៅទិញ​ដីទុក”។ លោកបន្ថែមថា “បើ​ដី​មួយការ៉េ​មួយដុល្លារ លក់​មួយ​ដុល្លារ​ទៅ កុំទៅ​លក់​​ឲ្យ​គម្រោង​១០​ដុល្លារ។ ដូច្នេះ​បងប្អូន​ខ្មែរ​យើង ​អាណិត​រាជរដ្ឋាភិបាល​ផង ត្រូវ​ចូលរួម​ជាមួយ​គ្នា កុំ​ទៅយក​ចំណេញ​អី​ចឹង។ យើង​ត្រូវ​មាន​មោទនាភាព​ជាតិ​យើង”។

​លោក ស៊ុន ចាន់ថុលបានឲ្យដឹងតា គន្លង​ព្រែកជីក​ហ្វូណនតេជោ មិនសូវ​ប៉ះពាល់​ច្រើន​ ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ទេ ដោយ​សារ​តែ​គម្រោង​នេះ ​ដើរ​តាម​គន្លង​ព្រែកជីក​ចាស់ ​ដែល​បោះ​បង់​ចោល​តាំង​ពី​សម័យ​ហ្វូណន ហើយ​ភាគច្រើន​ឆ្លងកាត់​តាម​​វាលស្រែ។

ចំពោះ​ផលប៉ះពាល់​ទៅ​ប្រជាពលរដ្ឋ ​នៅ​តាម​គន្លង​ព្រែកជីក​នេះ លោក​ថា ក្រុមហ៊ុន​វិនិយោគ​ជា​អ្នក​ចេញ​ថ្លៃ ឬ​អាច​​រដ្ឋាភិបាល​ចេញ​មួយភាគ ដូច​ករណី​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-បាវិត ដែល​ក្រុមហ៊ុន​វិនិយោគ​ចេញ​៨០ភាគរយ ហើយ​រដ្ឋាភិបាល​រ៉ាបរង​២០ភាគរយ។

នៅ​ពេល​គម្រោង​ព្រែកជីក​នេះ​ចេញ​ជា​រូបរាង ប្រជានេសាទ​ក៏​អាច​ចូលទៅ​នេសាទ ​នៅ​ក្នុង​ព្រែកជីក​នេះបាន​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ស៊ុន ចាន់ថុល។

លោក​ថ្លែងថា “ក្រុមហ៊ុន​នេះ​គ្មាន​សិទ្ធ​ហាមឃាត់ ​ប្រជាពលរដ្ឋ​ខ្មែរ​ មិន​ឲ្យ​នេសាទ​នៅ​លើ​ព្រែកជីក​១៨០​គីឡូម៉ែត្រ​នេះ​ទេ”។ តាមការ​ប៉ាន់ស្មាន​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​​ និងនេសា​ទ​បញ្ជាក់​ថា ក្នុង​មួយ​ឆ្នាំយ៉ាងតិច​បាន​ត្រី​១៤០​តោន។

ប៉ុន្តែ​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែនធ្លាប់បានមានប្រសាសន៍ថា ​អាច​បាន​ច្រើន​ជាង​នេះ​ ព្រោះ​យើង​ដាក់​កូនត្រី​គ្រប់មុខ ​នៅ​ក្នុង​ហ្នឹង​ ទៅក្នុង​ទឹក​១៨០គីឡូម៉ែត្រ ជម្រៅ៥,៤ម៉ែត្រ ទទឹង​១០០ម៉ែត្រ គិត​មើល​ទៅ មួយការ៉េ​បាន​ត្រីប៉ុនណា។

លោកស៊ុន ចាន់ថុលបាន​បន្ត​ថា ក្នុង​ពេល​ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន កម្ពុជា​បាន​បញ្ជាក់​ច្បាស់​ណាស់​ថា ក្រុមហ៊ុនមិន​អាច​យក​កម្រៃ​ពី​ពលរដ្ឋ​ខ្មែរ​ ដែល​ចូលទៅ​នេសាទ​ក្នុង​ព្រែកជីក​នេះ។ គម្រោង​ព្រែកជីក​នេះ ​នឹង​ត្រូវ​ចំណាយ​ប្រាក់​សាងសង់​១,៧​ពាន់លាន​ដុល្លារ ចំណាយ​ពេល​សាងសង់​៤​ឆ្នាំ។ គម្រោង​នេះ ​ជាការ​វិនិយោគ​ ក្នុង​ភាព​ជាដៃគូ​រវាង​រដ្ឋាភិបាល ​និង​វិស័យ​ឯកជន និងធ្វើឡើងដោយ​ក្រុមហ៊ុនចិន​មួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here