ដោយ វិសេស
បាត់ដំបង៖ ស្របពេលកំណើនប្រជាពលរដ្ឋ និងប្រាក់ចំណូលរបស់ពួកគេបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឲ្យខេត្តបាត់ដំបង ពិសេសនៅក្នុងក្រុង មានការរីកចម្រើនលើវិស័យហាងម្ហូបអាហារ និងភេសជ្ជៈល្បីល្បាញលំដាប់អន្តរជាតិ ក៏បានកើតឡើងរីកដុះដាលយ៉ាងផុសផុលទៀតផង។
ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងលោក អ៊ុច អ៊ុភានីស្សារ៉ា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃអាទិត្យទី១០ មិនាកន្លងមកថា ដោយមានការរៀបចំសណ្ដាប់ធ្នាប់ល្អរបស់អាជ្ញាធរខេត្ត បានធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅបាត់ដំបងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងដើម្បីទ្រទ្រង់នូវកំណើន នៃភ្ញៀវទេសចរណ៍នេះ បានធ្វើឲ្យអាជីវករក្នុងខេត្ត ក្រៅខេត្ត និងបរទេស បានបើកហាងបម្រើសេវាកម្មទេសចរណ៍កើនឡើងនឹងស្មានមិនដល់ ពិសេសវិស័យហាងម្ហូបអាហារ និងភេសជ្ជៈជាលក្ខណៈស្ដង់ដារ។
-->
លោកក៏បានអំពាវនាវ ដល់គ្រប់ម្ចាស់សេវាកម្មទេសចរណ៍ទាំងអស់ ត្រូវរៀបចំទីកន្លែងផ្ដល់សេវា ឬម្ហូបអាហារឲ្យមានអនាម័យល្អ និងប្រជាពលរដ្ឋសូមបន្តជួយថែរក្សាសណ្ដាប់ធ្នាប់អនាម័យឲ្យកាន់តែល្អប្រសើរ ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅបាត់ដំបងកាន់តែច្រើនឡើង និងជាប្រយោជន៍ដល់សេដ្ឋកិច្ចពលរដ្ឋក្នុងខេត្ត និងសង្គមជាតិទាំងមូល។
ស្របពេលកំណើនវិស័យសេវាកម្មទេសចរណ៍ក្នុងខេត្តបាត់ដំបង កំពុងកើតឡើងជាបន្តបន្ទាប់ លោកបាន ឆេងឡុង បានបោះទុនជាង៣០ម៉ឺនដុល្លារអាមេរិក បើកហាងកាហ្វេដ៏ធំមួយឈ្មោះ ហ្សារ៉ាកាហ្វេ (ZARA COFFE) នៅខេត្តបាត់ដំបង ដែលរាល់ផលិតផលទាំងអស់មានកាហ្វេរសជាតិដើម ដែលនាំចូលមកពីប្រទេសអូស្ត្រាលី ។
លោកបានមានប្រសាសន៍ថា “ការបើកហាងកាហ្វេរនេះ ដោយសារមើលឃើញមានការកើនឡើងនៃចំនួនប្រជាពលរដ្ឋ ហើយសេដ្ឋកិច្ចក្នុងខេត្តប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនខ្លាំង និងបូករួមទាំងកំណើនទេសចរណ៍ផងដែរ”។
យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា បាត់ដំបងមានសណ្ឋាគារ៤៩កន្លែង ផ្ទះភ្ញៀវ៨៥កន្លែង ផ្ទះស្នាក់២កន្លែង, ភោជនីយដ្ឋាន និងអាហារដ្ឋាន៦៩កន្លែង រង្គសាល៣កន្លែង ខារ៉ាអូខេ២១កន្លែង ម៉ាស្សា និងស្ប៉ា៧ កន្លែង ទីភ្នាក់ងារទេសចរណ៍៤កន្លែង និងកីឡាទេសចរណ៍៣កន្លែង។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបា នមានប្រសាសន៍ថា ខេត្តបាត់ដំបង ជាខេត្តពិសេសមួយដែលមានសក្តានុពល និងផលិតផលទេសចរណ៍សម្បូរបែប រាប់ទាំងតំបន់វប្បធ៌ម ប្រវត្តិសាស្រ្ត រមណីយដ្ឋានធម្មជាតិ និងផលិតផលទេសចរណ៍ជាច្រើនទៀត ពិសេសសំណង់សម័យអាណានិគម បានក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទាក់ ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ពិសេសភ្ញៀវទេសចរណ៍បារាំង។

លោកបន្តថា “ទោះជាយ៉ាងណាសេវាកម្មបដិសណ្ឋារកិច្ចក្នុងខេត្ត នៅមានកម្រិតនៅឡើយ ដែលអ្នកប្រកបរបរនានាទាក់ទងវិស័យនេះ គួរពង្រឹងសេវាកម្មរបស់ខ្លួនឲ្យកាន់តែមានគុណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បន្ថែម និងស្នាក់នៅកាន់តែយូរ”៕