អភិបាលខេត្តព្រះសីហនុដាំកូនផ្កាក្ងោកជិត៩០០ដើមនៅសងខាងផ្លូវជាតិលេខ៤

0

        ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមដាំកូនក្ងោកចំនួន៨៨៤ដើម ធ្វើការដាំដុះអមសងខាងផ្លូវជាតិលេខ៤ ចាប់ពីខាងមុខផ្លូវល្បឿនលឿនមកដល់រោងចក្រក្រោន។

កម្មវិធីនេះ មានការសម្របសម្រួលដោយមន្ទីរកសិកម្មររុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាលក្រុងស្រុក ប្រធានមន្ទីរ អង្គភាព ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ អ.ម.ត និងសិក្សានុសិស្សមេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេបអំពីសាវតា និងមូលហេតុ នៃការដាំដើមក្ងោក កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម គួច ចំរើន អញ្ជើញចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ ជាកងពលសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខេត្តព្រះសីហនុ។ បានចាត់តាំងមន្ទីរកសិកម្ម ខេត្តព្រះសីហនុ បេះផ្លែទុំ និងរើសយកមកបណ្តុះ ដើម្បីដាំតាមដងផ្លូវជាតិក្នុងក្រុងព្រះសីហនុ ក្នុងគោលបំណងបង្កើតសោភ័ណ្ឌភាពតាមដងផ្លូវ និងជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន រវាងរដ្ឋបាលខេត្តព្រះសីហនុ និងកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ។

មន្ត្រីបច្ចេកទេសមន្ទីរ ធ្វើការបណ្តុះដើមក្ងោកបានចំនួន១២ ៥០០ដើម មកទល់ពេលនេះមានរយៈពេល១ឆ្នាំ កូនក្ងោកមានកំពស់ប្រមាណ១ម៉ែត្រ ទៅ១ម៉ែត្រកន្លះ គ្រោងយកទៅដាំតាមដងផ្លូវជាតិលេខ៤ ចាប់ពីចំណុចរង្វង់មូលនាគកងកេង មកទល់ច្រកចូលទី១ នៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ ចំនួន១០ ០០០ដើម។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដោយការចុះសួរសុខទុកកងទ័ព គ្រួសារទ័ពកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ ជាកងពលសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលខេត្តព្រះសីហនុ មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៣កន្លងមក ឃើញដើមក្ងោកចេញផ្កាមានភាពស្រស់ស្អាត ទើបឱ្យប្រធានមន្ទីរកសិកម្មរើសយកគ្រាប់មកធ្វើការបណ្តុះ ដាំដុះនៅខេត្តព្រះសីហនុ បណ្តុះបានរហូតដល់ ១២ ៥០០ដើម ហើយអ្វីដែលយើងបានសុំមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ យកផ្លែក្ងោកមកបណ្តុះនាពេលនេះ បានដុះល្អ។

លោកបន្តថា “យើងធ្វើការដាំដុះនៅកណ្តាល ក្រុងព្រះសីហនុ របស់យើងការដាំដើមក្ងោកថ្ងៃនេះ ជានិមិត្តរូបនៃចំណងសម្ព័ន្ធមេត្រីភាពព្រះសីហនុ កងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តមមានជ័យ “។

លោកបន្តថា ថ្ងៃនេះ ក៏មានតំណាងកងពលតូចអន្តរាគមន៍លេខ៤ បានចូលរួមក្នុងការដាំដុះ ក្នុងការទំនាក់ទំនងគ្នា ដែលជានិមិត្តរូប ហើយអ្នកឧកញ៉ា លោកឧកញ៉ាមួយចំនួន បានចូលរួមក្នុងព្រឹត្តការ​ណ៍ជាមួយគ្នា រហូតដល់ពេលដាំដុះកូនក្ងោកថ្ងៃនេះ ធ្វើឱ្យនិមិត្តរូបសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ និងកងពលតូចអន្តរាគមន៍លេខ៤កាន់តែមានភាពជិតស្និតជាមួយ និងខេត្តព្រះសីហនុ។

លោកបន្តថា នេះជាអ្វីដែលយើងបានដំណើរការ ទាក់ទងនឹងដើមក្ងោក ពីដើមឡើយមិនមែនជារុក្ខជាតិរបស់កម្ពុជា យើងនោះទេ ជារុក្ខាជាតិមួយ ដុះលូតលាស់ក្នុងតំបន់អាព្រិក តែនៅក្នុងតំបន់ត្រូពិកដូចគ្នា នៅជំនាន់សម័យបារាំង បារាំងធ្វើអាណានិគមនៅកម្ពុជា បារាំងក៏បានយកមកចែកចាយនៅតំបន់ឥណ្ឌូចិន បារាំងពង្រាយការដាំដុះនៅកម្ពុជា នៅខេត្តធំៗដូចរាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង និងកន្លែងសាធារណមួយចំនួន ឥឡូវក្ងោករីកសាយភាពពេញទូទាំងប្រទេស ហើយថ្ងៃនេះយើងយកពូជក្ងោក មកធ្វើការដាំដុះនៅខេត្តព្រះសីហនុ មកពីទីតាំង កងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តមមានជ័យ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here