ដោយ: គង់ លាងហួរ
បាងកក: រដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក Maris Sangiampongsa គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចរចាតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ក្នុងតំបន់ឈូងសមុទ្រថៃ។ នេះបើយោងតាមសារពត៌មាន Bangkok Post បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។
លោក Maris បានមានប្រសាសន៍ឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ នឹងពង្រឹងទំនាក់ទំនងទ្វេរភាគី ព្រមទាំងផ្តល់ឱកាស ក្នុងការដោះស្រាយបញ្ហានានា ដូចជា ការស្ថាបនាទំនប់បាំងរលកសមុទ្រក្នុងកំពង់ផែ (Breakwater) ដែលស្ថិតនៅកៀកនឹងបង្គោលព្រំដែនទី៧៣ ស្ថិតជាប់នឹងច្រកព្រំដែន Klong Yai។
លោក Maris ត្រូវបានសាកសួរថា តើក្រសួងការបរទេសថៃបានគិតគូរ អំពីការបន្តការតវ៉ារបស់ខ្លួនដែរឬទេ?។ លោករដ្ឋមន្ត្រី បានឆ្លើយតបថា “នេះជារឿងដែលយើងអាចយកទៅពិភាក្សាគ្នាឱ្យបានហ្មត់ចត់ ដោយបន្ថែមថា លោកមិនទាន់បានកំណត់ពេលវេលាជាក់លាក់ សម្រាប់ដំណើរទស្សនកិច្ចនេះនៅឡើយទេ”។លោក Maris ក៏បានអះអាងឱ្យដឹងផងដែរថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងថៃ និងកម្ពុជា ដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០០១ ស្តីពីការអភិវឌ្ឍន៍រួមគ្នានៅឈូងសមុទ្រថៃ ពុំមែនជាសន្ធិសញ្ញា និងមិនមានប្រយោគណាមួយ ដែលចងជាកាតព្វ កិច្ចនោះឡើយ។
លោកបានគូសបញ្ជាក់ ដោយសង្កត់ធ្ងន់ថា អនុស្សរណៈយោគយល់គ្នានេះ មិនរំលោភទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ លើកោះកូដនោះទេ(Koh Kood) ព្រោះពុំមានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងឡើយ។កាលពីពេលកន្លងទៅ កម្ពុជា និងថៃ បានឯកភាពគ្នាទាញយកផលប្រេងកាត លើតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ដើម្បីទទួលបានអត្ថប្រយោជន៍រួមគ្នា ពីប្រភពប្រេងថ្មីក្នុងតំបន់នេះ ដែលចូលរួមក្នុងការកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលតម្លៃប្រេង និងថាមពល បន្ទាប់ពីពន្យារពេល ក្នុងការចរចាអស់រយៈពេលជាង២០ឆ្នាំកន្លងមកនេះ។
តំបន់ទាមទារត្រួតស៊ីគ្នា (OCA) មានផ្ទៃក្រឡាទំហំជាង២៦.០០០គីឡូម៉ែត្រការ៉េ ដែលត្រូវបានគេធ្វើការប៉ាន់ប្រមាណថា តំបន់នេះអាចមានធនធានប្រេង និងឧស្ម័នជាច្រើនលានបារ៉ែលនៅបាតសមុទ្រ៕ប្រភព:Bangkok Post៕