Hattha top Banner

ដំណឹងល្អៈ រថភ្លើងដែលទិញពីប្រទេសជប៉ុននឹងដាក់ឲ្យដំណើរការនាពេលឆាប់ៗខាងមុខ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោកផន រឹមបានបង្ហើបឱ្យដឹងថា រថភ្លើងប្រភេទ DMU (Diesel Multiple Unit) ចំនួន ១១គ្រឿង ដែលបានទិញមកពីប្រទេសជប៉ុន នឹងដាក់ឱ្យដំណើរការរត់លើផ្លូវដែក ក្នុងពេលឆាប់ៗខាងមុខ។

តាមផែនការរថភ្លើងសម្រាប់អ្នកដំណើរនេះ បានកំណត់ឱ្យរត់នៅលើផ្លូវរថភ្លើងភាគខាងត្បូង (ភ្នំពេញ-ព្រះសីហនុ) តម្រូវឱ្យរត់៨០km/h និងផ្លូវរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) តម្រូវឱ្យរត់ចន្លោះពី៣០-៥០km/h។

លោក ផន​ រីម បានបន្តឲ្យដឹងទៀតថា នៅពេលនេះ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia (RRC) ព្រមទាំងក្រុមជាងជំនាញពីបរទេស បានចុះពិនិត្យរួមគ្នា និងធ្វើការងារលើការងារកែតម្រូវ កង់រថភ្លើងដឹកអ្នកដំណើរ ពីទទឹងផ្លូវដែក 1067មម (ស្តង់ដារផ្លូវដែកជប៉ុន) មកទទឹងផ្លូវដែក1000មម (សម្រាប់ស្តង់ដារផ្លូវដែកកម្ពុជា) និងប្រព័ន្ធហ្រ្វាំងរថភ្លើង សម្រាប់ប្រើប្រាស់ ដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព។

ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានណែនាំក្រុមហ៊ុន Royal Railway Cambodia បន្ទាប់ពីកែតម្រូវរួច ត្រូវធ្វើការសាកល្បងរត់នៅលើផ្លូវដែក រហូតដល់ប្រាកថា មានសុវត្ថិភាព សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ ចំពោះវឌ្ឍនភាពនៃការកែសម្រួលបច្ចេកទេស ទូររថភ្លើងនេះ កំពុងបន្ត និងសម្រេចលទ្ធផលបានច្រើនហើយ។

លោក ផន​ រីម បានបញ្ជាក់ដែរថា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងធានាធ្វើឱ្យប្រសើរឡើង វិស័យផ្លូវដែកនៅកម្ពុជា លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹងជញ្ជូន ក៏បានផ្តល់អនុសា​សន៍ឱ្យក្រុមហ៊ុន Royal Railway Cambodia យកចិត្តទុកដាក់ខ្ពស់លើការធានាសុវត្ថិភាព និងផាសុកភាពរបស់បងប្អូនអ្នកដំណើរ។

លោកបន្តថា លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ លើការលើកកម្ពស់សុវត្ថិភាព នៃដំណើរប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន ដោយរាប់ទាំងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង ដល់សាធារណជន ការបណ្តុះបណ្តាលអ្នកបើកបរ ការបំពាក់ផ្លាកសញ្ញា និងរបារសុវត្ថិភាព ជាពិសេសនៅត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងតំបន់ទីប្រជុំជន ដែ​លមានចរាចរណ៍មមាញឹក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលអាចធ្វើបាន។

ក្រុមហ៊ុន Royal Railway Cambodia បានទិញរថភ្លើងប្រភេទ DMU (Diesel Multiple Unit) ចំនួន១១គ្រឿងពីប្រទេសជប៉ុន។ ការទិញរថភ្លើងប្រភេទDMU នេះ ស្ថិតនៅក្នុងផែនការវិនិយោគរបស់ក្រុមហ៊ុនផ្ទាល់តែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here