តើការជួលការិយាល័យកម្រិតA នៅទីក្រុងតូក្យូមានតម្លៃប៉ុន្មាន ក្នុងមួយខែ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍របស់ក្រុមហ៊ុន JLL បង្ហាញថា ថ្លៃជួលការិយាល័យកម្រិត A ជាមធ្យមនៅទីក្រុងតូក្យូ ប្រទេសជប៉ុន មានតម្លៃ២១៦ដុល្លារ ក្នុងមួយTsubo ក្នុងមួយខែ គិតត្រឹមចុងត្រីមាសទី១ ឆ្នាំនេះ កើនឡើង០,៩%បើធៀបនឹងត្រីមាសទី៤ ឆ្នាំមុន។(១ Tsubo=៣,៣ម៉ែត្រការ៉េ)។

របាយការណ៍បានបន្តថា ថ្លៃជួលការិយាល័យកម្រិត A បានកើនឡើងជាលើកដំបូង មិនធ្លាប់មានក្នុងរយៈពេល១៥ត្រីមាស កន្លងមកនេះ នៅក្នុងតំបន់ចំនួន២នៃទីក្រុងតូក្យូ គឺតំបន់ Akasaka និងតំបន់ Roppongi។

ចំណែក ប្រតិបត្តិការទិញការិយាល័យកម្រិតA ខ្នាតធំ នៅក្នុងត្រីមាសទី១ រួមមាន អគារពាណិជ្ជកម្មដែលមានឈ្មោះថា Toranomon Hills Business Tower ដែលក្រុមហ៊ុន United Urban Investment Corporation បានទិញយកក្នុងតម្លៃ២,៣ពាន់លានយ៉េន(ប្រហែល១៤,៦៦លានដុល្លារ)។

អត្រាការិយាល័យកម្រិតA ដែលត្រូវបានគេទំនេរចោលនៅទីក្រុងតូក្យូ ស្ថិតក្នុងរង្វង់ជាមធ្យម៤,២% ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដែលជាការថយចុះ០,៤ភាគរយ បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣ និងស្ថិតក្នុងសភាពទ្រឹង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

យ៉ាងណាមិញ គេពុំសង្កេតឃើញមានអគារការិយាល័យ កម្រិត A ណាមួយត្រូវបានផ្គត់ផ្គង់ចូលទៅក្នុងទីផ្សារ កាលពីត្រីមាសទី១នោះទេ ខណៈអត្រាស្រូបយកសុទ្ធ(Net absorption)នៅក្នុងទីផ្សារការិយាល័យកម្រិតA នៅទីក្រុងតូក្យូ បានកើនឡើងដល់ទំហំ៤៩.៧០០ម៉ែត្រការ៉េ ក្នុងត្រីមាសទី១ ដែលជំរុញដោយក្រុមហ៊ុនរកសុីក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង ថាមពល ហិរញ្ញវត្ថុ និងការធានារ៉ាប់រង។

ទោះជាយ៉ាងណាក្តី បរិមាណ ឬទំហំនៃការជួល ត្រូវបានគេរំពឹងថា នឹងថយចុះ ធៀបនឹងឆ្នាំមុន មុនពេលស្ទុះងើបឡើងវិញនៅឆមាសទី២ ដោយសារនៅឆ្នាំនេះចំនួនការិយាល័យ ដែលគ្រោងនឹងបើកដំណើរការថ្មី មានចំនួនតិចតួចណាស់។

យោងតាមការព្យាករណ៍របស់ក្រុមហ៊ុន Oxford Economics បង្ហាញថា សេដ្ឋកិច្ចជប៉ុន នឹងកើនឡើងត្រឹមតែ០,៥%ប៉ុណ្ណោះ នៅឆ្នាំនេះ ខណៈសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នឹងស្ថិតក្នុងរង្វង់១,៩% ខណៈហានិភ័យរួមមាន ការដំឡើងអត្រាការប្រាក់ ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក បញ្ហាអតិផរណា និងការប្រែប្រួលនៅក្នុងទីផ្សារហិរញ្ញវត្ថុ៕ប្រភព: Real Estate Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here