ដោយ: គង់ លាងហួរ
ហាណូយ: រដ្ឋាភិបាលវៀតណាមបានប្រកាសធ្វើវិសោធនកម្មទៅលើច្បាប់ភូមិបាលឆ្នាំ២០២៤ ដោយបានលុបចោលក្របខណ្ឌកំណត់តម្លៃដីធ្លីដោយរដ្ឋ ក្នុងគោលដៅអនុញ្ញាតឱ្យទីផ្សារជាអ្នកមានសិទិ្ធកំណត់ដោយខ្លួនឯងវិញ។
ជុំវិញច្បាប់ថ្មីនេះ ក្រុមជំនាញបានលើកឡើងថា ចំណាត់ការខាងលើនឹងអាចជំរុញឱ្យតម្លៃលំនៅដ្ឋាននៅក្នុងប្រទេសវៀតណាមហក់ឡើងខ្ពស់។នេះបើយោងតាមការដកស្រង់សម្តីចុះផ្សាយដោយសារពត៌មាន Vnexpress។
ច្បាប់ភូមិបាលនេះត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅថ្ងៃទី១ ខែកក្កដាខាងមុខ ដោយលឿនជាងការគ្រោងទុកចំនួន៦ខែ។ នៅក្នុងច្បាប់នេះ មានចែងគោលនយោបាយថ្មី រួមទាំងការលុបចេញនូវក្របខណ្ឌតម្លៃដីរបស់រដ្ឋាភិបាល និងការធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំរបស់ខ្លួន។
លោកស្រី Giang Do នាយកផ្នែកសេវាកម្មប្រឹក្សាយោបល់ប្រចាំក្រុមហ៊ុនអចលនទ្រព្យ Savills Vietnam បានថ្លែងថា ការអនុញ្ញាតឱ្យទីផ្សារអាចកំណត់តម្លៃដីដោយខ្លួនឯង នឹងធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង ហើយការធ្វើបែបនេះ ក៏នឹងនាំឱ្យមានការបង់ពន្ធទៅលើដីធ្លីកាន់តែខ្ពស់ផងដែរ។
លោកស្រីបានគូសបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា ការដាក់ឱ្យអនុវត្តន៍ច្បាប់ថ្មីនេះនឹងបង្កើនចំនួនទុនវិនិយោគទៅលើគម្រោងអភិវឌ្ឍន៍នានា ដែលជំរុញឱ្យអ្នកអភិវឌ្ឍន៍បង្ខំចិត្តបង្កើនតម្លៃលំនៅដ្ឋានរបស់ពួកគេ។
ទន្ទឹមនឹងនេះ លោក Dinh Minh Tuan នាយកវេទិកាអចលនទ្រព្យ Batdongsan បានលើកឡើងថា “តម្លៃដីធ្លីនឹងកើនឡើងជាក់ជាមិនខាន នៅពេលដែលច្បាប់ថ្មីនេះចូលជាធរមាននាពេលឆាប់ៗខាងមុខ”។
ចំណែកឯ លោក Nguyen Van Dinh ប្រធានសមាគមអ្នកអចលនវត្ថុវៀតណាមបានមានប្រសាសន៍ឱ្យដឹងថា “តម្លៃអចលនទ្រព្យអាចនឹងកើនឡើង ក្រោយពីក្របខ័ណ្ឌកំណត់តម្លៃដីធ្លីដោយរដ្ឋត្រូវបានលុបចោល។ ប៉ុន្តែ ច្បាប់នេះនឹងមិនបង្កឱ្យមានការសម្រុកទិញដីធ្លីនោះទេ”៕ប្រភព: Vnexpress៕