ដោយ: គង់ លាងហួរ
ហុងកុង: ប្រទេសចិននៅតែជាទីផ្សារដ៏ធំដែលមិនអាចខ្វះបានសម្រាប់បណ្តាក្រុមហ៊ុននានានៅតំបន់អាស៊ី ទោះបីជាភាពតានតឹងពាណិជ្ជកម្មរវាងចិន និងបណ្តាប្រទេសលោកខាងលិចនៅតែបន្តឆាបឆេះយ៉ាងណាក្តី។
សេដ្ឋកិច្ចរបស់ប្រទេសចិនបានជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ជាពិសេសគឺវិបត្តិអចលនទ្រព្យ ដែលវិបត្តិនេះត្រូវបានក្រុមអ្នកវិភាគចាក់ទុកជាឧបសគ្គដ៏ធំបំផុតតែមួយគត់ចំពោះការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិន។
យោងតាមទិន្នន័យបង្ហាញថា លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI)ចូលទៅកាន់ប្រទេសចិន បានដាំក្បាលចុះអស់២៨ភាគរយនៅក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាការបង្កើតក្រុមហ៊ុនវិនិយោគបរទេសថ្មីបានកើនឡើង១៩,២ភាគរយយ៉ាងណាក្តី។
យ៉ាងណាមិញ បណ្តាក្រុមហ៊ុនយក្សនៅតំបន់អាសុី ដូចជា ធនាគារធំទីពីររបស់សិង្ហបុរី OCBC បានថ្លែងប្រាប់សារពត៌មាន CNA ថា ខ្លួននៅតែបន្តប្តេជ្ញាចិត្តក្នុងការរកសុីនៅក្នុងប្រទេសចិនសម្រាប់រយៈពេលវែងតទៅមុខ។ ជាក់ស្តែង ធនាគារនេះកំពុងបោះទុនវិនិយោគ១៩០លានដុល្លារអាមេរិក ដើម្បីធ្វើទំនើបកម្មវេទិកា និងផលិតផលរបស់ខ្លួន ក៏ដូចជាជួលអ្នកបច្ចេកទេសថ្មីចំនួន៣០០នាក់ ដើម្បីគាំទ្រដល់កំណើនអាជីវកម្មនៅក្នុងប្រទេសចិន។
ជាមួយគ្នានេះ លោក Hyuk-Tae Kwon សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Pine Venture Partners បានលើកឡើងថា “ប្រទេសចិននៅតែជាទីផ្សារដែលស្ថិតនៅជិតយើងបំផុត និងជាដៃគូនាំចូល និងនាំចេញដ៏ធំបំផុតរបស់កូរ៉េខាងត្បូង”។
លោកបានបន្ថែមថា “ទីផ្សារចិនមានទំហំធំណាស់ ហើយយើងមិនអាចមើលរំលងបានទេ ទោះបីជាការព្រួយបារម្ភអំពីភូមិសាស្ត្រនយោបាយបានជំរុញឱ្យក្រុមហ៊ុនមួយចំនួនធ្វើពិពិធកម្មចេញពីចិនយ៉ាងណាក្តី”។
លោក Kwon បានបញ្ជាក់ថា ការសង្កត់ធ្ងន់របស់ប្រទេសចិនទៅលើបច្ចេកវិទ្យា AI និងការច្នៃប្រឌិតបានបញ្ជូនសញ្ញាដ៏ជោគជ័យមួយទៅកាន់វិនិយោគិន។ លោកបានកត់សម្គាល់ថា “ខ្ញុំមើលឃើញមានឱកាសជាច្រើននៅក្នុងប្រទេសចិន ដូចជា ចំនួនប្រជាជនវ័យចំណាស់ ការថែទាំសុខភាព បច្ចេកវិទ្យាចំណីអាហារ”។
ម្យា៉ងវិញទៀត ពេលវេលាគឺជាមាសប្រាក់ ខណៈថ្នាក់ដឹកនាំចិនបានបង្កើនការចូលរួម និងស្តារទំនាក់ជាមួយបណ្តាក្រុមហ៊ុនបរទេសក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ម្យ៉ាងវិញទៀត ការណ៍នេះក៏បាននាំឱ្យមានការរំពឹងទុកថា ការជំរុញការវិនិយោគពីបរទេស និងការស្តារកំណើនសេដ្ឋកិច្ច នឹងក្លាយជារបៀបវារៈដ៏សំខាន់នៃកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី៣នៅខែកក្កដាខាងមុខ៕ប្រភព:CNA៕