ទីផ្សារលំនៅដ្ឋាននៅទីក្រុងធំៗចំនួន៤ក្នុងតំបន់អាស៊ាន កំពុងបង្ហាញសញ្ញាវិជ្ជមាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងសិង្ហបុរី និងទីក្រុងហុងកុង ត្រូវបានគេចាត់ទុកជាទីផ្សារអចលនទ្រព្យដ៏ទាក់ទាញបំផុតនៅតំបន់អាស៊ី។ ប៉ុន្តែ ថ្មីៗនេះ ទីក្រុងមួយចំនួនផ្សេងទៀតក៏កំពុងប្រកួតប្រជែងជាមួយមជ្ឈមណ្ឌលទាំង២ខាងលើផងដែរ។

លោក Roddy Allanប្រធានផ្នែកស្រាវជ្រាវនៅតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានលើកឡើងថា “យើងនៅតែមានសុទិដ្ឋិនិយមក្នុងរយៈពេលវែងជានិច្ចចំពោះទីផ្សារអភិវឌ្ឍន៍ធំៗដូចជា ទីក្រុងហុងកុងជាដើម”។

ប៉ុន្តែ លោកបានគូសបញ្ជាក់ថា “ យើងបានសង្កេតឃើញកាន់តែច្បាស់អំពីកំណើននៃថ្លៃជួលលំនៅដ្ឋាននៅក្នុងទីផ្សារដែលកំពុងអភិវឌ្ឍន៍មួយចំនួនក្នុងតំបន់អាស៊ាន រួមមានដូចជា ទីក្រុងហូជីមិញ ទីក្រុងហ្សាការតា ទីក្រុងបាងកក និងទីក្រុងម៉ានីល”។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន JLL បានអះអាងថា ទីផ្សារលំនៅដ្ឋាននៅតាមទីក្រុងមួយចំនួនក្នុងតំបន់អាស៊ានមានការរីកចម្រើនយ៉ាងខ្លាំង ដោយសារតែភាពធន់នៃតម្រូវការជួលអចលនទ្រព្យដែលមានគុណភាពខ្ពស់ និងការស្ទុះងើបឡើងវិញនៃលំហូរភ្ញៀវទេសចរណ៍បរទេស។

ខាងក្រោមនេះគឺជាបណ្តាទីក្រុងទាំង៤នៅតំបន់អាស៊ាន ដែលសម្រេចបានកំណើនថ្លៃជួលលំនៅដ្ឋានខ្ពស់ជាងគេនៅត្រីមាសទី១ ឆ្នាំនេះ៖

ទី១: ទីក្រុងបាងកក ប្រទេសថៃ៖ ថ្លៃជួលលំនៅដ្ឋាននៅរាជធានីមួយនេះបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ១៨,១% និងមានតម្លៃជួលជាមធ្យមប្រហែល២២៦ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទី២: ទីក្រុងហូជីមិញ ប្រទេសវៀតណាម៖ ថ្លៃជួលលំនៅដ្ឋាននៅទីក្រុងមួយនេះបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៥,៩% និងមានតម្លៃជួលជាមធ្យមប្រហែល១២០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទី៣: ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេសុី៖ ថ្លៃជួលលំនៅដ្ឋាននៅទីក្រុងមួយនេះបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៤,៨% និងមានតម្លៃជួលជាមធ្យមប្រហែល២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទី៤: ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៖ថ្លៃជួលលំនៅដ្ឋាននៅទីក្រុងមួយនេះបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ០,៨% និងមានតម្លៃជួលជាមធ្យមប្រហែល១៧២ដុល្លារក្នុងមួយម៉ែត្រការ៉េ៕ប្រភព: CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here