បណ្តាក្រុមហ៊ុនអចលនទ្រព្យធំៗជាច្រើនបោះទុនជាង១,៥ពាន់លានដុល្លារនៅតំបន់ទេសចរណ៍ចំនួន៣ក្នុងប្រទេសថៃ

0

ដោយ: គង់ លាងហួរ

បាងកក: បណ្តាអ្នកអភិវឌ្ឍន៍ថៃ បានបន្តសម្រុកសាងសង់គម្រោងអចលនទ្រព្យធំៗ នៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍របស់ខ្លួន ដើម្បីបំពេញតាមការកើនឡើង នៃតម្រូវការពីសំណាក់អតិថិជនបរទេស។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន The Nation។

វិស័យអចលនទ្រព្យនៅលើកោះភូកេត និងតំបន់ប៉ាតាយ៉ា បានកម្រើកយ៉ាងឆាប់រហ័​ស ដោយសារអំណាចនៃការទិញរបស់ភ្ញៀវទេសចរណ៍ ដែលបាននិងកំពុងហូរចូល ទៅកាន់ប្រទេសថៃ ចាប់តាំងពីស្ថានភាពជំងឺរាតត្បាតបានធូរស្រាល។

នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​នេះ បណ្តាក្រុមហ៊ុន​អចលនទ្រព្យ​ធំៗ​ បាន​បោះទុន​ជាង៥៦ពាន់​លាន​បាត​ (ប្រហែល១,៥៣ពាន់លានដុល្លារ) ទៅ​ក្នុង​គម្រោងវិនិយោគ​អចលនទ្រព្យ នៅលើកោះភូកេត  តំបន់ឆ្នេរប៉ាតាយ៉ា និងតំបន់ឆ្នេរហួហ៊ីន (Hua Hin)។ជាមួយគ្នានេះ លោក Prasert Taedullayasatit ប្រធាន​សមាគម​ខុនដូ​នៃប្រទេសថៃ បានធ្វើការវាយតម្លៃទៅលើស្ថានភាព​អាជីវកម្ម​អចលន​ទ្រព្យ​ នៅក្នុង​ទីក្រុង​ទេសចរណ៍​ធំៗទាំង៣នេះថា ជា “អចលនទ្រព្យ​សកល”។

អ្នកជំនាញរូបនេះបានផ្តល់អនុសាសន៍ថា “រដ្ឋាភិបាលគួរតែផ្តល់អាទិភាពដល់វិស័យអចលនទ្រព្យ ដើម្បីជំរុញសេដ្ឋកិច្ចថៃ ដែលអាចបង្កើតការងារក្នុងស្រុក បានជាង១លានកន្លែង និងប្រើប្រាស់សម្ភារៈក្នុងស្រុកជាង៩០ភាគរយ”។

ចំណែក លោក Phattarachai Taveewong នាយកផ្នែកស្រាវជ្រាវ និងទំនាក់ទំនងនៅក្រុមហ៊ុន Colliers Thailand បានគូសបញ្ជាក់ថា នៅក្នុងត្រីមាសទី១ គម្រោងខុនដូថ្មីៗនៅកោះភូកេត មានចំនួន១២ទីតាំង ដែលមានចំនួន៣.៣៣៨យូនីត និងគិតជាទឹកប្រាក់សរុបស្មើនឹង២៥ពាន់លានបាត។

គម្រោងទាំងនេះ ត្រូវបានអភិវឌ្ឍន៍ឡើង ដោយក្រុមហ៊ុន Colliers ដោយសហការជាមួយអ្នកអភិវឌ្ឍន៍ក្នុងស្រុក រួមមាន ក្រុមហ៊ុន Sansiri ក្រុមហ៊ុន AssetWise ក្រុមហ៊ុន Origin Property ក្រុមហ៊ុន Habitat Group និងក្រុមហ៊ុន CG Capital។

ជាមួយគ្នានេះ លោក Bill Barnett នាយកគ្រប់គ្រងនៃក្រុមហ៊ុន C9 Hotelworks បានមានប្រសាសន៍ឱ្យដឹងថា “ក្រោយវិបត្តិកូវីដ-១៩បញ្ចប់ទៅ ក្រុមហ៊ុនអចលនទ្រព្យថៃជាច្រើន បានបន្តការបោះទុនវិនិយោគឡើងវិញ នៅកោះភូកេត ស្របពេលដែលតម្រូវការទិញខុនដូពីសំណាក់ជនជាតិថៃ និងជនជាតិបរទេសកំពុងកើនឡើង”៕​ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here