តំបន់រមណីយដ្ឋានអង្គរស្រូបទាញបានភ្ញៀវទេសចរណ៍អន្តរជាតិជាង៤៧ម៉ឺននាក់ក្នុងរយៈពេល៥ខែដំបូង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរបានឱ្យដឹងថា ឧទ្យានបុរាណអង្គរដ៏ល្បីល្បាញរបស់កម្ពុជា បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ចំនួន៤៧២.២៥៨នាក់ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤ ដោយកើនឡើង៣៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដដែលបានបន្ថែមថា ឧទ្យានបុរាណនេះរកប្រាក់ចំណូលបាន២២,២លានដុល្លារអាមេរិក ពីការលក់សំបុត្រ ក្នុងអំឡុងខែមករា ដល់ខែឧសភាឆ្នាំ២០២៤នេះ ដោយកើនឡើង៣៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងខែឧសភា ឧទ្យានបុរាណនេះ បានស្វាគមន៍ភ្ញៀវទេស​ចរណ៍បរទេសចំនួន៥០.៨៧៩នាក់ ដែលកើនឡើង១១ភាគរយ ហើយបង្កើតប្រាក់ចំណូលបាន សរុបចំនួន២,២៩លានដុល្លារ ដែលកើនឡើង១២,៥ភាគរយ បើធៀបនឹងខែឧសភាដូចគ្នាកាលពីឆ្នាំមុន។

ដោយមានទីតាំងស្ថិត នៅភាគពាយព្យនៃខេត្តសៀមរាប ឧទ្យា​នបុរាណវិទ្យាអង្គរ ទំហំ៤០១គីឡូម៉ែត្រការ៉េនេះ គឺជាបណ្តុំប្រាសាទបុរាណចំនួន៩១ ដែលត្រូវបានសាងសង់ឡើង ដោយដូនតាខ្មែរចាប់ពីសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៣។

ឧទ្យាននេះត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ១៩៩២ និងបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។

លោកតុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេស​ចរណ៍ បង្ហាញទំនុកចិត្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបោះទុនវិនិយោគ ដោយក្រុមហ៊ុនចិន នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ មកកម្សាន្តនៅឧទ្យានអង្គរកាន់តែច្រើន ក្រោយពីអាកាសយានដ្ឋានកម្រិត4E មួយនេះបានចាប់ផ្តើមបើកប្រតិបត្តិការពាណិជ្ជកម្ម ជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំមុន។

លោកធ្លាប់បានថ្លែងប្រាប់សារពត៌មានចិន Xinhua ថា “អាកាសយានដ្ឋានអន្តរជាតិនេះ កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគរបស់ប្រទេសកម្ពុជា”។

មន្ត្រីជាន់ខ្ពស់រូបនេះក៏ជឿជាក់ផងដែរថា “ឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនចិន-កម្ពុជាឆ្នាំ២០២៤ នឹងទាក់ទាញភ្ញៀវទេសចរ​ណ៍ចិន កាន់តែច្រើនមកទស្សនាកម្ពុជា ជាពិសេសគឺធ្វើដំណើរមកកាន់តំបន់ប្រាសាទអង្គរតែម្តង”៕ប្រភព: Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here