ក្រុមហ៊ុនជប៉ុនបើកសម្ភោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរនៅថ្ងៃនេះ

0

ដោយៈ គង់ សូរិយា

        កំពង់ធំៈ ក្រុមហ៊ុន MIRARTH Green​​​ Tech របស់ជប៉ុនបានបើកសម្ពោធជាផ្លូវការ នូវរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទី​ ទៅជាប្រេងជីវឥន្ទនៈនៅព្រឹកថ្ងៃទី៤ មិថុនានេះ។

រោងចក្រនេះ មានទីតាំងស្ថិតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្រុមហ៊ុនជប៉ុនមួយនេះ បានក្លាយជារោងចក្រកែច្នៃដំណាំស្វាយចន្ទីដែលធំជាងគេនៅខេត្តកំពង់ធំ។

ពិធីសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតី លោកឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោកអ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក Kentaro Taniguchi អគ្គនាយកក្រុមហ៊ុន MIRARTH Green​​​ Tech ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ស្វាយចន្ទី គឺជាដំណាំដ៏មានសក្តានុពលមួយ សម្រាប់កម្ពុជាធ្វើការដាំដុះ ការកែច្នៃ និងការនាំចេញ។ ក្រសួងកសិកម្ម បានរម្លឹកថា កន្លងមក លទ្ធភាពកែច្នៃស្វាយចន្ទី នៅក្នុងស្រុកនៅមានកម្រិត ហើយការនាំចេញដោយមិនមានការកែច្នៃ បានធ្វើឱ្យបាត់បង់តម្លៃបន្ថែមច្រើន ទើបរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានរៀបចំ និងដាក់ចេញគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។

គោលនយោបាយនេះ មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្មស្វា​យ​ចន្ទី កែច្នៃ និងជំរុញការនាំចេញស្វាយចន្ទីកែច្នៃរួច ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងគោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសផលិត និងផ្គត់ផ្គង់ស្វាយចន្ទី ដល់ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here