រដ្ឋាភិបាលម៉ាឡេស៊ីប្រកាសដោះស្រាយគម្រោងលំនៅដ្ឋានឯកជនដែលគេបោះបង់ចោលនៅទូទាំងប្រទេស

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលម៉ាឡេស៊ីបានអះអាងថា ខ្លួននឹងផ្តល់អាទិភាព ដល់ការដោះស្រាយបញ្ហាគម្រោងលំនៅដ្ឋានឯកជន ដែលត្រូវបានបោះបង់ចោល ដោយគ្មានអាជ្ញាប័ណ្ណ រួមទាំងសហការជាមួយភាគីពាក់ព័ន្ធផងដែរ។

យោងតាមលោកស្រី Datuk Aiman ​​Athirah Sabu អនុរដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងរដ្ឋបាលក្នុងតំបន់ បានឱ្យដឹងថា បច្ចុប្បន្ន គម្រោងលំនៅដ្ឋានឯកជន ដែលត្រូវបានគេបោះបង់ចោលនៅក្នុងប្រទេសម៉ាឡេស៊ី មានសរុបចំនួន១៧៥គម្រោង ដែលសុទ្ធសឹងតែគ្មានអាជ្ញាប័ណ្ណ។

លោកស្រីបានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា “ក្រសួងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយភាគីពាក់ព័ន្ធ ហើយយើងនៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយ បញ្ហាគម្រោងលំនៅដ្ឋានឯកជន ដែលត្រូវបានបោះបង់ចោលនៅទូទាំងប្រទេស”។គម្រោងលំនៅដ្ឋានឯកជន ដែលគ្មានអាជ្ញាប័ណ្ណ នៅក្នុងប្រទេសម៉ាឡេស៊ី គឺជាប្រភេទគម្រោង ដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន ដែលមិនទទួលបានលិខិតអនុញ្ញាតផ្សព្វ​ផ្សាយពាណិជ្ជកម្ម និងពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវ ពីនាយកដ្ឋានលំនៅដ្ឋានជាតិ។

ទន្ទឹមនឹងនេះ លោកស្រី Aiman ​​បានគូសបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល៤ឆ្នាំដំបូងដើមឆ្នាំនេះ ក្រសួងបានស្តារឡើងវិញដោយជោគជ័យ នូវលំនៅដ្ឋានឯកជនចំនួន២០.៤៨៩យូនីត ក្នុងគម្រោងចំនួន១៧៧គម្រោង ដែលមានតម្លៃសរុប ចំនួន១៤,៨៩ពាន់លានរីងហ្គីត។ក្នុងចំណោមគម្រោងទាំង១៧៧គម្រោងនេះ ក្នុងនោះរួមមាន គម្រោងចំនួន១៦៣គម្រោង ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការបញ្ចប់ និងភាពអនុលោម (CCC) ។ រីឯ គម្រោងចំនួន១១គម្រោងផ្សេងទៀត ត្រូវបានបើកដំណើរការសាងសង់ឡើងវិញដោយរលូន ខណៈគម្រោងចំនួន៣ទៀតត្រូវបានបោះបង់ចោលជាស្ថាពរតែម្តង៕ប្រភព: The edge malaysia៕

LEAVE A REPLY

Please enter your comment!
Please enter your name here