គម្រោងLand bridge របស់ប្រទេសថៃទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនមកពីជាង១០០ក្រុមហ៊ុន

0

ដោយ: គង់ លាងហួរ

បាងកក: ក្រសួងដឹកជញ្ជូនថៃអះអាងថា ក្រុមហ៊ុនថៃ និងបរទេ សជាង១០០ក្រុមហ៊ុន បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការបោះទុនវិនិយោគ នៅក្នុងគម្រោង Land bridge ដែលនឹងតភ្ជាប់រវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។

ការងារនៃគម្រោងខ្នាតយក្សមួយនេះ រួមមាន ការសាងសង់កំពង់ផែទឹកជ្រៅនៅខេត្ត Chumphon និងខេត្ត Ranong រួមទាំងការកសាងផ្លូវដែកផងដែរ។ គម្រោងនេះ នឹង​ជួយ​សម្រួល​ការ​កកស្ទះ​ក្នុង​ការ​ដឹក​ជញ្ជូន​នៅ​ច្រក​សមុទ្រ​ម៉ាឡាកា ដែល​បច្ចុប្បន្ន​ជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏សំខាន់​បំផុតនៅក្នុង​តំបន់​។

លោកស្រី Manaporn Charoensri អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានមានប្រសាសន៍ឱ្យដឹងថា អ្នកវិនិយោគបរទេសដ៏ច្រើនលើសលប់បានបង្ហាញពីចំណាប់អារម្មណ៍ ចំពោះគម្រោងមួយនេះ ក្នុងអំឡុងពេលដែល លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន អញ្ជើញរៀបចំព្រឹត្តិការណ៍ Roadshow នៅក្រៅប្រទេស។

លោកស្រីបានបន្ថែមថា បណ្តាវិនិយោគិនមកពីប្រទេសចិន ប្រទេសជប៉ុន និងប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE) បានអញ្ជើញទៅទស្សនាតំបន់នេះរួចមកហើយ ដើម្បីធ្វើការស្ទង់មតិបឋម។

លោកស្រីបន្តថា ក្រៅពីផ្តល់អត្ថប្រយោជន៍ ដោយផ្ទាល់ដល់ប្រតិបត្តិករដឹកជញ្ជូន វិស័យឯកជន ក៏នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការអភិវឌ្ឍន៍គម្រោង Land bridge នេះផងដែរ  និងទទួលបានអត្ថប្រយោជន៍ ពីកិច្ចសន្យាសម្បទានរយៈពេលជាង៥០ឆ្នាំ។

ក្នុងចំណោមបណ្តាវិនិយោគិន ដែលបង្ហាញការចាប់អារម្មណ៍លើគម្រោងនេះ រួមមាន ប្រតិបត្តិករក្នុងវិស័យដឹកជញ្ជូន ភស្តុភារ និងឧស្សាហកម្ម ក៏ដូចជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ធនាគារ និងក្រុមហ៊ុនផ្តល់សេវាពាក់ព័ន្ធ។

ក្រុមហ៊ុនទាំងនោះ រួមមាន ក្រុមហ៊ុន WHA Industrial Development ក្រុមហ៊ុន Amata Corporation ក្រុមហ៊ុន China Harbor Engineering ក្រុមហ៊ុន Evergreen Container Terminal ក្រុមហ៊ុន Hebei Port Group ក្រុមហ៊ុន Sinotrans Thai Logistics ក្រុមហ៊ុន Siam Piwat ធនាគារ Bank of China ក្រុមហ៊ុន Nippon Koei និងក្រុមហ៊ុន Mitsubishi ជាដើម។

បន្ថែមពីលើនេះ រដ្ឋាភិបាលថៃគ្រោងនឹងទទួលយកមតិយោបល់ផ្សេងៗ ដើម្បីពិចារណារៀបចំសំណើ ក៏ដូចជាសេចក្តីព្រាងច្បាប់ស្តីពីច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ដែលនឹងគ្របដណ្តប់លើតម្រូវការច្បាប់ លក្ខខណ្ឌ និងសិទ្ធិសម្រាប់អ្នកវិនិយោគក្នុងគម្រោង។

ចំណែក ដំណើរការដេញថ្លៃត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅត្រីមាសទី៤ ឆ្នាំ២០២៥ខាងមុខ៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here