ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Willie Walsh អគ្គនាយកសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានលើកឡើងថា បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលបង្កផលប៉ះពាល់ ដល់ការផ្គត់ផ្គង់យន្តហោះថ្មីអាចបន្តកើតមានរហូតដល់ឆ្នាំ២០២៦។
លោកបានថ្លែងប្រាប់សារពត៌មានCNA លោកWillie Walshបានថ្លែងថា “យើងមិនទាន់ទទួលបានការប្រគល់យន្តហោះថ្មីនោះទេ ខណៈក្រុមហ៊ុនអាកាសចរណ៍ មួយចំនួនបានបង្ខំចិត្តប្រើប្រាស់នូវយន្តហោះ ដែលពួកគេគ្រោងនឹងដាក់ឱ្យចូលនិវត្តន៍ឡើងវិញ”។
លោក Willie Walsh បានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា“ដូច្នេះ ក្រុមហ៊ុនអាកាសចរណ៍ជួបប្រទះ ការរំខានយ៉ាងខ្លាំង។ ប៉ុន្តែ ខ្ញុំអាចនិយាយបានថា បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់នាពេលនេះ ហាក់ដូចជាមិនបានវិវត្តន៍កាន់តែអាក្រក់ទៅៗនោះទេ”។យ៉ាងណាមិញ សមាគម IATA បានអះអាងថា ទោះបីជាជួបប្រទះបញ្ហាប្រឈមយ៉ាងណាក្តី ក្រុមហ៊ុនអាកាសចរណ៍នៅលើពិភពលោក នឹងបើកការហោះហើរដឹកអ្នកដំណើរ ជិត៥ពាន់លាននាក់នៅឆ្នាំនេះ ហើយប្រាក់ចំណូលនឹងកើនឡើងជិត ដល់១ទ្រីលានដុល្លារអាមេរិក ដែលជាចំនួនកំណត់ត្រាខ្ពស់បំផុត។
ជាមួយគ្នានេះ សមាគមក៏រំពឹងថា ក្រុមហ៊ុនអាកាសចរណ៍នៅលើពិភពលោក នឹងប្រកាសប្រាក់ចំណេញសុទ្ធ ចំនួន៣០ពាន់លានដុល្លារនៅឆ្នាំនេះ ដោយកើនឡើងពីការព្យាករណ៍ ពីមុនចំនួន២៥,៧ពាន់លានដុល្លារ។
លោក Walsh បានបញ្ជាក់បន្តថា “ជាពិសេស វិស័យអាកាសចរណ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងរីកចម្រើនក្នុងកម្រិតមួយដែលមានសុខភាពល្អ។ ប៉ុន្តែវឌ្ឍនភាពនេះរងផលប៉ះពាល់ ដោយសារទីផ្សារចិន បានស្ទុះងើបឡើងវិញយឺតជាងការរំពឹងទុក”។
លោកបានបន្ថែមថា “ចំនួនជើងហោះហើររវាងប្រទេសចិន និងសហរដ្ឋអាមេរិក មិនបានស្ទុះងើបឡើងវិញ ដល់កម្រិតដូចកាលពីមុននោះទេ”។លោកបន្ថែមថា “ខ្ញុំគិតថា បញ្ហាទាំងនេះនឹងត្រូវបានដោះស្រាយទៅតាមពេលវេលា ប៉ុន្តែវាបានជះផលប៉ះពាល់ដល់អត្រានៃការងើបឡើងវិញនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”៕ប្រភព: CNA៕