តម្លៃផ្ទះអាជីវកម្មនៅប្រទេសសិង្ហបុរីហក់ឡើងខ្ពស់កប់ពពក មិនចាញ់ទីក្រុងញ៉ូវយ៉ក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃផ្ទះអាជីវកម្មនៅប្រទេសសិង្ហបុរី ត្រូវបានដាក់លក់ ក្នុងតម្លៃខ្ពស់ចន្លោះពី៣៩.៩៧០ ទៅ៤៧.៩៦០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមប្រភពសារពត៌មាន VNexpress។

Wealthy Investors Are Willing to Spend Millions on Singapore's Shophouses
A row of adjoining shophouses in Singapore

បន្ថែមពីនេះ ក្នុងករណីមួយចំនួន តម្លៃផ្ទះអាជីវកម្មនៅប្រទេសដ៏តូចមួយនេះ ក៏អាចហក់ឡើងដល់៦៣.៩៤០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េផងដែរ។ ចំណែក តម្លៃជាមធ្យមនៃផ្ទះអាជីវកម្ម បានកើនឡើង២៧,១% ដល់៤៤.៥០៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំនេះ។

សារពត៌មាន CNA បានរាយការណ៍ថា តម្លៃផ្ទះទាំងនេះ អាចយកទៅធ្វើការប្រៀបធៀប ជាមួយនឹងតម្លៃអចលនទ្រព្យ ដែលមានទីតាំងនៅលើមហាវិថី Fifth Avenue ក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ដែលជាតំបន់លក់រាយដ៏ថ្លៃបំផុតរបស់ពិភពលោក។

កាសែត Business Times បានរាយការណ៍ ដោយដកស្រង់របាយការណ៍របស់ក្រុមហ៊ុន Knight Frank មកចុះផ្សាយថា ការលក់ផ្ទះអាជីវកម្ម ក្នុងប្រទេសសិង្ហបុរី បានកើនឡើង៥២,២%  ដល់ទំហំទឹកប្រាក់ប្រមាណ១២៥,៤លានដុល្លារអាមេរិក នៅត្រីមាសទី១ ឆ្នាំ២០២៤ បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣។លោកស្រី Yap Hui Yee នាយកនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills បានលើកឡើងថា “ផ្ទះអាជីវកម្មគឺជាប្រភេទទ្រព្យសកម្មតែមួយគត់ ដែលតម្លៃផ្ទះប្រភេទនេះ នៅតែបន្តកើនឡើងទោះ​បីជាស្ថិតនៅក្នុងអំឡុងពេលជំងឺរាតត្បាតយ៉ាងណាក្តី”។

សារពត៌មាន AFR បានរាយការណ៍ថា កាលពីខែឧសភាកន្លងទៅថ្មីៗនេះ លោកមហាសេដ្ឋី Ray Dalio ស្ថាបនិកក្រុមហ៊ុនវិនិយោគ Bridgewater Associates បានទិញផ្ទះអាជីវកម្ម ដែលមានតម្លៃរាប់លានដុល្លារនៅប្រទេសសិង្ហបុរី ដូចមហាសេដ្ឋីដទៃផ្សេងទៀតដែរ។

លើសពីនេះ លោកស្រី Zhang Ying ​ដែលជាភរិយា​របស់​មហាសេដ្ឋី​ចិនលោក Jack Ma បាន​ទិញ​ផ្ទះ​អាជីវកម្មចំនួន៣ខ្នងនៅសិង្ហបុរី ក្នុង​តម្លៃ៣៣,៤២លាន​ដុល្លារ​​អាមេរិក កាល​ពី​ខែ​កុម្ភៈកន្លងទៅ៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here