ដោយ: គង់ លាងហួរ
អន្តរជាតិ: អគារ Burj Khalifa គឺជាអគារខ្ពស់ជាងគេបង្អស់នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។អគារនេះមានកម្ពស់ជាង៨២៨ម៉ែត្រ ដែលស្ថិតនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE)។
អាផាតមុិន ដែលមានបន្ទប់គេងចំនួន១នៅអគារ Burj Khalifa ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី០,៥៥ទៅ១,០៩លានដុល្លារ។ រីឯ ការជួលវិញ មានតម្លៃចាប់ពី៤.០៨៥ទៅដល់៦.៨១០ដុល្លារ ក្នុងមួយខែ។
ចំណែក តម្លៃអាផាតមុិនដែលមានបន្ទប់គេងចំនួនពីរអាចហក់ឡើងដល់១,៩លានដុល្លារ ខណៈដែលតម្លៃអាផាតមុិនដែលមានបន្ទប់ចំនួន៣នៅអគារខ្ពស់កប់ពពកមួយនេះ អាចហក់ឡើងដល់៣,៣លានដុល្លារ។
លើសពីនេះទៀត របស់របរប្រើប្រាស់ចាំបាច់ផ្សេងៗ រួមទាំងអគ្គិសនី ទឹក និងម៉ាស៊ីនត្រជាក់ ជាធម្មតា មានតម្លៃប្រហែល១.៦៣០ដុល្លារអាមេរិក ក្នុងមួយខែ។
ម្យា៉ងវិញទៀត អ្នករស់នៅក្នុងអគារនេះក៏ត្រូវបង់ថ្លៃសេវាប្រចាំឆ្នាំចំនួន១៦,៣៥ដុល្លារទៅដល់១៩,១ដុល្លារ ដែលគ្របដណ្តប់លើការថែទាំ សន្តិសុខ និងគ្រឿងបរិក្ខារផ្សេងទៀតដូចជា កន្លែងហាត់ប្រាណ និងអាងហែលទឹកជាដើម។
យោងតាមសារពត៌មាន Khaleej Times បានរាយការណ៍ថា អគារ Burj Khalifa នេះគឺជាផ្នែកមួយនៃមជ្ឈមណ្ឌលទេសចរណ៍ Downtown Dubai ដែលជាទីតាំង ឬបណ្តុំអចលនទ្រព្យលំនៅដ្ឋានប្រណីតៗក្នុងទីក្រុងឌូបៃសម្រាប់ក្រុមអ្នកមាន។
ចាប់តាំងពីបានបើកដំណើរការនៅឆ្នាំ២០១០មក ការលក់ផ្ទះសរុបនៅក្នុងអគារ Burj Khalifa មានទំហំទឹកប្រាក់ចំនួន២,៦៧ពាន់លានដុល្លារ ដោយក្នុងនោះ ផ្ទះដ៏ថ្លៃបំផុត ដែលត្រូវបានលក់ចេញកាលពីឆ្នាំមុន មានតម្លៃ៤,០៨លានដុល្លារ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank៕ប្រភព:Vnexpress៕