Hattha top Banner

អាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចបានវឌ្ឍនភាព ជិត៨០ភាគរយហើយ

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F សម្រេចបានការសាងសង់ ដំណាក់កាលទីមួយបានប្រមាណ ៧៥.៨ភាគរយហើយ ដែលគ្រោងនឹងចាប់ផ្តើមបើកប្រតិបត្តិការ នៅឆមាសទី១ ឆ្នាំ២០២៥។

នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីប្រតិភូអមមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ការបញ្ជាក់ឲ្យដឹង​បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ចូលរួមជាអធិបតីក្នុងកម្មវិធី ដឹកនាំតំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងតំណាងក្រុមហ៊ុនផ្តល់សេវាកម្ម គាំទ្រការដឹកជញ្ជូនតាមផ្លូវអាកាស មកធ្វើទស្សនកិច្ចស្វែងយល់លើការងារសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤កន្លងមកនេះ។

ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងជាលើកទី២ ដើម្បីអនុញ្ញាតជូនប្រតិបត្តិករក្រុមហ៊ុនទាំងអស់ ត្រៀមលក្ខណៈរបស់ខ្លួន មកបម្រើការងារ និងផ្តល់សេវាកម្មពាក់ព័ន្ធ នៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោ បញ្ចប់ការសាងសង់រួចរាល់ និងចាប់ផ្តើមប្រតិ​បត្តិការតាមការគ្រោងទុក នៅឆមាសទី១ ឆ្នាំ២០២៥ ខាងមុខនេះ។

ដំណើរទស្សនកិច្ចនេះ ក៏មានបំណងផ្តល់ការស្វែងយល់អំពីការវិវឌ្ឍន៍ចុងក្រោយ នៃការសាងសង់សំណង់ដ៏មហិមា និងលំដាប់អន្តរជាតិរបស់កូនខ្មែរ ដែលកើតចេញពីគតិបណ្ឌិត និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងការបន្តអនុវត្តគតិបណ្ឌិត ប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ថ្លែងក្នុងពិធីនេះលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា”ក្រុមហ៊ុនបានខិតខំប្រឹងប្រែង និងព្យាយាមអស់ពីលទ្ធភាព ដើម្បីសម្រេចការសាងសង់ ឲ្យបានឆាប់តាមផែនការដូចបានគ្រោងទុក”។

លោកបន្ថែមថា “គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោនៅទីនេះ ក្រោមទឹកប្រាក់វិនិយោគ១៥០០លានដុល្លារ ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានភាគហ៊ុនវិនិយោគ១០% នៅក្នុងភាគហ៊ុន១០០ភាគរយ”។

ក្នុងនាមជាម្ចាស់ភាគហ៊ុន ក៏មានមោទនៈភាពក្រៃលែងផងដែរ នៅពេលណាដែល គម្រោងសាងសង់ត្រូវបាន បញ្ចប់តាមផែនការ និងដាក់ដំណើរការប្រកប ដោយប្រាក់ចំណេញ ហើយជួយជំរុញដល់កំណើនដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជា។

ជាមួយគ្នានេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងផងដែរថា ចាប់ពីខែមករាដល់ខែមេសា ឆ្នាំ២០២៤ កម្ពុជាបានទទួលអ្នកធ្វើដំណើរ តាមផ្លូវអាកាសជាង២លាននាក់ កើនឡើង២៥% ធៀបនឹងអំឡុងពេល ដូចគ្នានៅឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង១,៦លាននាក់។

តាមរយៈតួលេខនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ អាចនិយាយជារួមបានថា សកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានស្ដារឡើងវិញ បន្តិចម្តងៗ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ និងកំពុងបោះជំហានទៅមុខ គួរជាទីមោទនៈ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។

អ្នកជំនាញអន្តរជាតិមួយរូប ដែលបានទស្សនាព្រលាននេះបានកោតសរសើរចំពោះការរៀបចំឌីសាញ និងសាងសង់ព្រលាននេះ ប៉ុន្តែលោកបានស្នើឲ្យ អ្នកផ្តល់សេវាកម្មនៅព្រលានយន្តហោះអន្តរជាតិតេជោ និងព្រលានយន្កហោះថ្មីខេត្តសៀមរាប ផ្តោតលើការធ្វើការងារដោយបេះដូងឲ្យបានប្រសើរជាងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here