ដោយៈ និស្ស័យ
កំពតៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជាបានលើកឡើងថា តាមគម្រោង ដែលផ្តើមពីរដ្ឋមន្ត្រីក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់មានគម្រោងរៀបចំឱ្យមានផ្លូវសម្រាប់ជិះកង់តាមមាត់សមុទ្រ ពីខេត្តកែប ទៅខេត្តកោះកុង។
ការលើកឡើងរបស់សម្តេចធិបតី បានធ្វើឡើងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែពហុបំណងកំពត” នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៤។
សម្តេចធិបតីបានបញ្ជាក់ថា “តិចទៀតអ្នកខេត្តព្រះសីហនុ និងមានភាពងាយស្រួល លោកសាយ សំអាល់ កំពុងតែឡើងផែនមួយ ខ្ញុំឱ្យគិតមើលហើយគាត់បានឡើងគំនិតផ្តួចផ្តើមល្អ គឺរៀបចំផ្លូវជិះកង់តាមមាត់សមុទ្រ”។ សម្តេចបន្តថា “ជិះកង់ពីកែប ទៅដល់កោះកុងតាមមាត់សមុទ្រតែម្តង”។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅពេលផ្លូវនោះធ្វើរួចហើយបងប្អូន ជាអ្នកទេសចរណ៍អាចជិះកង់ ឬរត់ម៉ារ៉ាតុនបានយកថវិកា ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ឆាបាន។
សម្តេចធិបតីបានបញ្ជាក់ទៀតថា “សម្រាប់អ្នកទេសចរបងប្អូនណា ដែលទំនេរអាចរត់ម៉ារ៉ាតុន យកថវិកាជូនមន្ទីពេទ្យគន្ធបុប្ផា អាចរត់២០០ ឬ៣០០គីឡូម៉ែត្រ។ អីញ្ចឹងទៅបានអាចដើរហាត់ប្រាណនៅតាមផ្លូវនេះ។
ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើផ្លូវឱ្យបានច្រើន ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ពិសេសនោះក្នុងការដឹកជញ្ជូន៕