ដោយ: គង់ លាងហួរ
បាងកក: ប្រទេសថៃបានទទួលស្វាគមន៍ ថ្នាក់ដឹកនាំប្រតិបត្តិ និងទីភ្នាក់ងារជាង១៥ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរណ៍បរទេស មកកាន់មហាអនុតំបន់មេគង្គឱ្យបានចំនួន៩៥លាននាក់នៅឆ្នាំ២០២៥ខាងមុខ។
អាជ្ញាធរទេសចរណ៍ថៃ(TAT) និងក្រសួងទេសចរណ៍ និងកីឡាថៃ បានរៀបចំធ្វើជាម្ចាស់ផ្ទះ នៃជំនួបរវាងក្រុមមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំប្រតិបត្តិមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នៅឯស្រុក Khao Lak ខេត្ត Phang-nga។
-->
ភ្ញៀវពិសេសទាំងនោះរួមមានលោក ហ៊ុល សីលា ទីប្រឹក្សា និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍កម្ពុជា លោក Khom Douangchantha អគ្គនាយកនៃនាយកដ្ឋានទីផ្សារទេសចរណ៍ឡាវ និងលោក Maung Maung Kyaw អគ្គនាយកនៃនាយកដ្ឋានសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា។
ជាមួយគ្នានេះ លោកស្រី Suvimol Thanasarakij នាយកប្រតិបត្តិការិយាល័យ សម្របសម្រួលទេសចរណ៍មេគង្គ (MTCO) និងថ្នាក់ដឹកនាំប្រតិបត្តិ មកពីបណ្តាក្រុមហ៊ុន និងទីភ្នាក់ងារចំនួន១៥ ផ្សេងទៀតក៏បានអញ្ជើញទៅចូលរួមផងដែរ។
មហាអនុតំបន់មេគង្គគ្របដណ្តប់ បណ្តាប្រទេសសមាជិកចំនួន៦ រួមមាន មីយ៉ាន់ម៉ា កម្ពុជា ឡាវ ចិន (ខេត្តយូណាន និងខេត្តក្វាងស៊ី) រួមទាំងថៃ និងវៀតណាម។ តំបន់ទាំងមូលមានមហិច្ឆិតាទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ឱ្យបានសរុបចំនួន៩៥លាននាក់ នៅឆ្នាំក្រោយ។
លើសពីនេះ ប្រទេសថៃបានរៀបចំពិព័រណ៍ ពាណិជ្ជកម្មទេសចរណ៍ TTM+ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមិថុនានេះ ដោយក្នុងនោះ ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក៏បានរៀបចំស្តង់ដាក់តាំងពិព័រណ៍សក្តានុពលទេសចរណ៍របស់ខ្លួនផងដែរ។
ម្យ៉ាងវិញទៀត វិធីសាស្ត្រកែលម្អផ្លូវដែក ផ្លូវថ្នល់ ផ្លូវអាកាស និងផ្លូវសមុទ្ររវាងប្រទេសថៃ និងបណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ ក៏ត្រូវបានលើកមកពិភាក្សាគ្នាផងដែរ ដើម្បីបង្កភាពងាយស្រួលក្នុងការរចនាកញ្ចប់ទេសចរណ៍ និងសម្រួលដល់ការធ្វើដំណើរប្រកបដោយភាពរលូន៕ប្រភព:The Nation៕
