ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទំនាក់ទំនងដែលពូនជ្រុំដោយសម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ឋសភា និងពូនជ្រុំដោយសម្តេចធិបតីហ៊ុន ម៉ាណែតបាននិងកំពុធ្វើឲ្យកម្រិត នៃកិច្ចសហប្រតិបត្តិការកាន់តែជ្រាលជ្រៅ និងកក់ក្តៅ។
កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
-->
ក្នុងជំនួបនោះលោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរចំពោះ សម្តេចតេជោ ដែលបានដឹកនាំ ប្រទេសកម្ពុជាជាង៣០ឆ្នាំកន្លងមក នាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍឥតឈប់ឈរ។ នៅក្នុងតួនាទីជាប្រធានព្រឹទ្ធសភា លោកជឿជាក់ថា សម្តេចតេជោ នឹងបន្តដឹកនាំឱ្យមានការរីកចម្រើន សេដ្ឋកិច្ចសង្គមបន្ថែមទៀត សម្រាប់ប្រជាជនកម្ពុជា។
លោកឯកអគ្គរដ្ឋទូត សម្ដែងនូវក្ដីរីករាយថា លោកពិតជាមានកិត្តិយសណាស់ដែលបានអម សម្ដេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការលើកទី១ នៅសាធារណរដ្ឋកូរ៉េ។
លោកក៏បានបញ្ជាក់ពីភាពជោគជ័យ នៃដំណើរទស្សនកិច្ចដំបូងទៅកាន់សាធារណរដ្ឋកូរ៉េ របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី តាមរយៈលទ្ធផល នៃជំនួបកំពូលរបស់សម្តេចធិបតី ជាមួយលោក Yoon Suk Yeol ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដោយបានឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត”។
លោកអគ្គរដ្ឋទូត បានជម្រាបអំពីកំណើន នៃការវិនិយោគកូរ៉េនៅកម្ពុជា និងកំណើនពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
គណៈកម្មាធិការចម្រុះ CKFTA បានរៀបចំកិច្ចប្រជុំលើកទី១ ដោយជោគជ័យ និងបានពិនិត្យគម្រោងនានា ដែលក្នុងនោះក៏មានគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាគម្រោងស្នើដោយសម្តេចតេជោផ្ទាល់ ក្នុងឆ្នាំ២០២២។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា “កំណើននៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសាធារណរដ្ឋកូរ៉េ ប្រាកដជានាំមកនូវកំណើននៃទំនាក់ទំនងផ្នែកនយោបាយ”។ សម្តេចបន្ថែមថា “កត្តាសន្តិភាព និងស្ថិរភាពនយោបាយ គឺជាអ្វីដែលអ្នកវិនិយោគត្រូវការ ហើយប្រទេសកម្ពុជា ក្រោមការគិតគូរ និងការលះបង់ធំធេងរបស់សម្តេច ទោះបីជាមានការផ្ទេរអំណាច ទៅឱ្យថ្នាក់ដឹកនាំវ័យក្មេង ក៏ប្រទេសកម្ពុជានៅតែមានសន្តិភាព និងស្ថិរភាពនយោបាយរយៈពេលវែង”។
ជាក់ស្តែង៩ ខែកន្លងមកនេះ ប្រទេសកម្ពុជា មានសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងបន្តមានកំណើនសេដ្ឋកិច្ច និងការកើនឡើងនៃការនាំចេញ និងប្រាក់ចំណូល ដែលនាំឱ្យប្រទេសបន្តដំណើរទៅមុខបានជាប្រក្រតី។
សម្តេចតេជោ បានលើកឡើងថា ភាគីទាំងពីរខិតខំអនុវត្តកិច្ចព្រមព្រៀង ដែលមានជាមួយគ្នា ជាពិសេសគឺតាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងជួយធ្វើឱ្យប្រទេសទាំងពីរកាន់តែមានជំនឿទុកចិត្តគ្នា និងមានតម្លៃនយោបាយផងដែរ។
សម្ដេចតេជោ បានផ្ដល់អនុសាសន៍ ឱ្យអ្នកវិនិយោគទុនកូរ៉េពិនិត្យលើការបង្កើត នូវតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុនកូរ៉េតាមរូបមន្តមួយបូកនៅកម្ពុជា។ សម្តេច ក៏បានបង្ហើបពីបំណងចូលជួបជាមួយប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដែលអាចចាត់ទុកថាជាមិត្តចាស់របស់សម្តេច នៅក្នុងដំណើរទស្សនកិច្ច របស់សម្តេចទៅសាធារណរដ្ឋកូរ៉េ នៅខែកញ្ញា ឆ្នាំ២០២៤ខាងមុខ ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) នៅរដ្ឋធានីសេអ៊ូល និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ Dongguk University Wise នៅទីក្រុង Gyeonju។
សម្ដេចក៏បានរំលឹកផងដែរនូវមេរៀន ដែលកម្ពុជាត្រូវចងចាំនិងកត់ត្រាទុក ចំពោះការជួយរបស់សាធារណរដ្ឋកូរ៉េ នៅពេលដែលពិភពលោក ប្រឈមនឹងជំងឺរាតត្បាតកូវីដ១៩ ។ បណ្ដាប្រទេសនានាបានបិទខ្ទប់ ជាពិសេសបិទការហោះហើរ គឺមានតែសាធារណរដ្ឋកូរ៉េទេ ដែលរក្សាជើងហោះហើរ រវាងភ្នំពេញនិងសាធារណរដ្ឋកូរ៉េ ដែលជាច្រកចេញចូលសម្រាប់កម្ពុជា ក៏ដូចជាសម្រាប់ទំនាក់ទំនងជាមួយបណ្ដាប្រទេសផ្សេងទៀត។
សម្តេចតេជោ បានចាត់ទុកថា សម្ដេចនៅជំពាក់គុណសាធារណរដ្ឋកូរ៉េចំពោះការជួយដ៏ធំនេះ ដែលបានអនុញ្ញាតឱ្យកម្ពុជាមានដង្ហើមដកនៅពេលនោះ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយនានាជា ឥណទានសម្បទាន ជាជំនួយឥតសំណង ដែលសាធារណរដ្ឋកូរ៉េ បានជួយនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការកសាងផ្លូវថ្នល់ ការជួយបណ្តុះបណ្តាលធនធានមនុស្ស នឹងការទទួលយកពលករកម្ពុជា ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េជាដើម។
សម្តេចសង្ឃឹមថា សម្តេចនឹងបានឃើញដោយផ្ទាល់ភ្នែកក្នុងពេលឆាប់ៗខាងមុខនូវ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេពីរនេះ ដែលសម្តេចជាអ្នកស្នើឡើងដោយផ្ទាល់។
សម្ដេចតេជោ ក៏បានលើកឡើងផងដែរថា ប្រទេសយើងទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ ជាប្រទេសដន្លងនឹងគ្នា ដោយស្ត្រីកម្ពុជាជាច្រើនបានរៀបការ ជាមួយនឹងបុរសជនជាតិកូរ៉េ។ ដូច្នេះ គួរធ្វើយ៉ាងណាឱ្យកូនកាត់កម្ពុជា -កូរ៉េទាំងនោះ អាចចេះទាំង២ភាសា គឺភាសាកម្ពុជា និងភាសាកូរ៉េ ដើម្បីឱ្យគេស្គាល់អត្តសញ្ញាណរបស់គេ។
លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់នូវការចងចាំ និងចំណាប់អារម្មណ៍ជុំវិញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសអនុស្សាវរីយ៍នានា របស់សម្ដេចជាមួយនឹងប្រធានសភាជាតិ ប្រធានាធិបតី ជាបន្តបន្ទាប់និងឥស្សរជននានានៃសាធារណរដ្ឋកូរ៉េ។
ទាក់ទងនឹងគម្រោងស្ពាន មិត្តភាពកម្ពុជា-កូរ៉េ លោកឯកអគ្គរដ្ឋទូត បានគោរពជម្រាបជូន សម្ដេចតេជោថា លោកតែងតែតាមដានដំណើរការនេះ យ៉ាងយកចិត្តទុកដាក់ និងបានលើកឡើងថាការរៀបចំសាងសង់ស្ពាននេះ មានដំណើរការទៅរលូន ហើយនឹងចុះបឋមសិលាចាប់ផ្ដើមសាងសង់ នៅឆ្នាំ២០២៥ខាងមុខនេះ។
លោកឯកអគ្គរដ្ឋទូត បានសម្តែងការរីករាយ ដោយក្រុមមិត្តភាពអន្តរសភាកូរ៉េ-កម្ពុជាត្រូវបានបង្កើតឡើង ហើយដោយទទួលដំណឹងថា សម្ដេចតេជោនឹងអញ្ជើញ ទៅចូលរួមនៅក្នុងវេទិកាចំណេះដឹងពិភពលោក និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ Dongguk University Wise នៅទីក្រុង Gyeonju នៅខែកញ្ញាខាងមុខនេះ៕
