តម្លៃផ្ទះនៅប្រទេសចិនបន្តកម្រើកឡើងវិញ ក្នុងខែឧសភាបន្ទាប់ ពីរដ្ឋាភិបាលចិនប្រកាសវិធានការថ្មី

0

ដោយ: គង់ លាងហួរ

សៀងហៃ: យោងតាមការស្ទង់មតិឯកជនមួយ បានបង្ហាញថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិន បានកើនឡើងបន្តិចបន្តួច នៅក្នុងខែឧស​ភា ដែលត្រូវបានជំរុញ ដោយការដាក់ឱ្យអនុវត្តន៍វិធានការគាំទ្រមួយចំនួនរបស់រដ្ឋាភិបាលចិន។

យោងតាមទិន្នន័យ ពីក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ China Index Academy បានបង្ហាញថា តម្លៃផ្ទះថ្មីជាមធ្យមនៅទូទាំងទីក្រុងចំនួន១០០នៅប្រទេសចិន បានកើនឡើងក្នុងអត្រាប្រចាំខែចំនួន០,២៥ភាគរយ កាលពីខែខែឧសភា បន្ទាប់ពីកើនឡើង០,២៧%ក្នុងខែមេសា។

វិស័យអចលនទ្រព្យ ដែលជាសសរស្តម្ភនៃសេដ្ឋកិច្ចចិន បានធ្លាក់ចូលទៅក្នុងវិបត្តិ ចាប់តាំងពីឆ្នាំ២០២១ បន្ទាប់ពីរដ្ឋាភិបាលចិនបានរឹតបន្តឹងបទប្បញ្ញត្តិស្តីពី ការផ្តល់ប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍ ដែលការណ៍នេះ បានបង្កឱ្យមានវិបត្តិសាច់ប្រាក់។

យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រដ្ឋាភិបាលចិនបាននិងកំពុងខិតខំ ដាក់ចេញវិធានការថ្មី ក្នុងការជំរុញការលក់ផ្ទះ ឬបង្កើនសាច់ប្រាក់ងាយស្រួល តាមរយៈការបន្ធូរបន្ថយលក្ខខណ្ឌនានាជាបន្តបន្ទាប់។

កាលពីពាក់កណ្តាលខែឧសភា ប្រទេសចិនបានប្រកាសចំណា​ត់ការជាប្រវត្តិសាស្ត្រ ដើម្បីស្តារវិស័យនេះឱ្យមានស្ថិរភាព ដោយក្នុងនោះ ធនាគារកណ្តាលចិនបានបន្ធូរបន្ថយច្បាប់ និងសម្របសម្រួលការផ្តល់មូលនិធិបន្ថែម ចំនួន១៤០ពាន់លានដុល្លារ ខណៈរដ្ឋបាលក្នុងតំបន់មូលដ្ឋាន បានប្តេជ្ញាចិត្តក្នុងការទិញអាផាតម៉ិន ដែលមានស្រាប់នៅក្នុងទីផ្សារ ប៉ុន្តែលក់មិនដាច់។

ក្រុមអ្នកវិនិយោគមានក្តីសង្ឃឹមថា ការដាក់ចេញនូវវិធានការលើកទឹកចិត្តទាំងនេះ បានបង្ហាញឱ្យឃើញពីការចាប់ផ្តើមធ្វើអន្តរា​គមន៍ដោយរដ្ឋាភិបាលចិន ដើម្បីជំរុញតម្រូវការអ្នកទិញផ្ទះ និងទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃផ្ទះ។

ក្រុមហ៊ុន China Index Academy បានបញ្ជាក់នៅក្នុងរបាយការណ៍ស្ទង់មតិថា “បន្ទាប់ពីការអនុវត្តន៍គោលនយោបាយថ្មី ចំនួនអតិថិជន ដែលបានអញ្ជើញទៅដើរមើល គម្រោងអចលនទ្រព្យមួយចំនួនបានកើនឡើង។ ប៉ុន្តែវានៅតែត្រូវការពេលវេលាយូរជាងនេះ មុនពេលដែលពួកគេអាចសម្រេចចិត្តទិញ”។

ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យខាងលើបន្ថែមថា “នាពេលអនាគត ល្បឿននៃការស្ទុះងើបឡើងវិញ នៃទីផ្សារអចលនទ្រព្យចិន នៅតែបន្តអាស្រ័យទៅលើ ស្ថានភាពប្រាក់ចំណូលរបស់ប្រជាជនក្នុងស្រុក”៕ប្រភព: New Straits Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here