ក្រុមហ៊ុនយក្សAlibaba របស់មហាសេដ្ឋីចិនលោកJack Ma ដាក់ចេញសេវាកម្មថ្មី ដើម្បីវាយលុកទីផ្សារអាមេរិក និងអឺរ៉ុប

0

ដោយ: គង់ លាងហួរ

ប៉េកាំងៈ ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​យក្ស​Alibaba រប ស់​ប្រទេសចិន ដែលមានលោកJack Ma ជាស្ថាបនិក កំពុង​បង្កើន​ការ​ពង្រីក​វត្តមានរបស់ខ្លួនជា​សកល​ តាមរយៈការបម្រើសេវាកម្ម​ថ្មី​ ក្នុង​គោល​បំណង​ ទាក់ទាញ​អាជីវកម្ម​ខ្នាត​តូច ​នៅ​សហរដ្ឋអាមេរិក និង​តំបន់អឺរ៉ុប។

វេបសាយ Alibaba.com ដែលជាវេទិកាអាជីវកម្មមួយរបស់ក្រុមហ៊ុន Alibaba បានប្រកាសថា ខ្លួននឹងចាប់ផ្តើមសេវាកម្មថ្មី ដែលមានឈ្មោះថា “Alibaba Guaranteed” ដើម្បីផ្តល់នូវភាពប្រាកដប្រជាកាន់តែខ្លាំងលើការដឹកជញ្ជូន ការទូទាត់ និងការដោះស្រាយវិវាទ។

វេទិកានេះ គឺជាផ្នែកមួយនៃអាជីវកម្មអន្តរជាតិ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Alibaba តាមរយៈលក់ទំនិញដោយផ្ទាល់ ទៅកាន់អ្នកប្រើប្រាស់នៅក្រៅប្រទេស តាមរយៈគេហទំព័រនានាដូចជា គេហទំព័រ AliExpress ជាដើម។

ក្រុមហ៊ុនបានគូសបញ្ជាក់ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សេវាកម្មថ្មីរបស់វេបសាយ Alibaba.com មានគោលបំណងផ្តល់ឱ្យអតិថិជន ដែលកម្មង់ទិញទំនិញតាមអនឡាញ នូវកាលបរិច្ឆេទដឹកជញ្ជូនកាន់តែច្បាស់លាស់បន្ថែមទៀត។

លោក Kuo Zhang ប្រធានវេបសាយ Alibaba.com បានថ្លែងនៅក្នុងបទសម្ភាសន៍មួយ ជាមួយសារពត៌មាន CNBC កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា “យើងគិតថា សេវាកម្មថ្មីនេះគឺស្របតាមនិន្នាការពិភពលោកនាពេលបច្ចុប្បន្ន”។

វេទិកាអនឡាញមួយនេះ បានប្រមូលផលិតផលភាគច្រើនពីបណ្តាក្រុមហ៊ុនផ្គត់ផ្គង់ ដែលមានមូលដ្ឋាននៅប្រទេសចិន ដើម្បីលក់ទៅកាន់អាជីវកម្មខ្នាតតូច នៅតំបន់អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោក។

លោក Zhang បានអះអាងទៀតថា “ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ចំនួនអ្នកទិញនៅលើវេបសាយ Alibaba.com បានកើនឡើងយ៉ាងតិចណាស់ចំនួន៣ដង ដោយក្នុងនោះ ការទិញទំនិញសរុបមានទំហំទឹកប្រាក់ ប្រហែល៥០ពាន់លានដុល្លារ”៕ប្រភព:CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here