ដោយៈ គង់ ហ្វីអូណា
សៀមរាបៈ ក្រុមហ៊ុន Management Venture Asia (Cambodia) Ltd នៃប្រទេសម៉ាឡេស៊ី បានស្នើសុំការសម្របសម្រួលលើគំរោងវិនិយោគការដឹកជញ្ជូនតាមផ្លូវអាកាសពីព្រលានយន្តហោះសៀមរាប អង្គរមកកាន់ទីក្រុងសៀមរាប។
គំរោងនេះជាផ្នែកមួយអាចចូលរួមចំណែក អភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យកសិកម្មឱ្យកាន់ល្អប្រសើរ និងរីកចម្រើនក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាបផងដែរ។
-->
ព័ត៌មាននេះត្រូវបានលើកឡើងកាលពីសប្តាហ៍មុន ក្នុងពេលលោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុនManagement Venture Asia (Cambodia) Ltd នៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយ លោក Michael Tan Shyue Jing ប្រធានផ្នែកវិនិយោគ និងមានការចូលរូមពីមន្រ្តីពាក់ព័ន្ឋ។
លោក Michael បានស្នើសុំការគាំទ្រ និងការសម្របសម្រួលពីរដ្ឋបាល លើការវិនិយោគនានា ដូចជា វិស័យដឹកជញ្ជូនតាមផ្លូវអាកាស ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ដែលជាផ្នែកមួយអាចចូលរួមចំណែក អភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យកសិកម្មឱ្យកាន់ល្អប្រសើរ និងរីកចម្រើនក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាបផងដែរ។
លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណ និងស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះដំណើរបំពេញទស្សនកិច្ច ក៏ដូចជាជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសដ៏វិសេសវិសាលនេះ។
លោក អភិបាលរងខេត្ត ក៏សូមសម្តែងការស្វាគមន៍ និងគាំទ្រដ៏កក់ក្តៅជាទីបំផុត ចំពោះចំណាប់អារម្មណ៍ លើការបណ្តាក់ទុនវិនិយោគ លើវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់ក្រុមហ៊ុន ដើម្បីរួមគ្នាជម្រុញ និងអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យកសិកម្មឱ្យកាន់ល្អប្រសើរ ក៏ជារួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើន នាពេលអនាគតផងដែរ៕
