អាមេរិកបង្កើតសម្ព័ន្ធភាពមួយដើម្បីបោះទុន២៥ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បានថ្លែងថា ក្រុមហ៊ុនមូលធនឯកជន KKR និងក្រុមហ៊ុន Global Infrastructure Partners (GIP) និងទីភ្នាក់ងារនៃភាពជាដៃគូឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីវិបុលភាព បាននិងកំពុងបង្កើតសម្ព័ន្ធមួយ ដើម្បីបោះទុនវិនិយោគ២៥ពាន់លានដុល្លារ លើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះ។

លោកស្រី Raimondo បានបញ្ជាក់បន្ថែមថា ការវិនិយោគទាំងនេះ នឹងរួមមានដូចជា ការសាងសង់មជ្ឈមណ្ឌលទិន្នន័យបៃតងនៅក្នុងប្រទេសឥណ្ឌូនេស៊ី គម្រោងផលិតថាមពលកកើតឡើងវិញ នៅក្នុងប្រទេសហ្វីលីពីន ព្រមទាំងហេដ្ឋាសម្ព័ន្ធនៅក្នុងប្រទេសឥណ្ឌា។

ជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោន កំពុងបោះទុនវិនិយោគបន្ថែមទៀតទៅលើប្រព័ន្ធអ៊ីនធឺណេត បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) និងការការពារក្រោមសមុទ្រ ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់។

លើសពីនេះទៀត សហរដ្ឋអាមេរិកក៏បានបង្កើតសម្ព័ន្ធភាព នៃលទ្ធិប្រជាធិបតេយ្យ ជាមួយនឹងគោលដៅសេដ្ឋកិច្ច និងសន្តិសុខរួមគ្នា តាមរយៈការបង្កើតក្រុមប្រទេស Quad ដែលមានសមាជិកដូចជា អូស្ត្រាលី ឥណ្ឌា និងជប៉ុនផងដែរ។ឥណ្ឌូប៉ាស៊ីហ្វិកគឺជាតំបន់ ដែលមានប្រជាជនរស់នៅជាងពាក់កណ្តាល នៃចំនួនប្រជាជនសរុបរបស់ពិភពលោក និងគ្របដណ្តប់ចំណែ​ក៦០ភាគរយ នៃសេដ្ឋកិច្ចសកល ដែលលាតសន្ធឹងលើឆ្នេរសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។

រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានដាក់ចេញយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន កាលពី២ឆ្នាំមុន ដោយធ្វើការរួមគ្នាជាមួយដៃគូក្នុងតំបន់នេះ ដើម្បីធានាឱ្យមានការតភ្ជាប់ វិបុលភាព សុវត្ថិភាព និងមានភាពធន់។ យុទ្ធសាស្ត្រនេះ ក៏មានគោលដៅប្រជែងឥទ្ធិពលរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់ផងដែរ។

សហរដ្ឋអាមេរិកបានបង្ហាញក្តីកង្វល់របស់ខ្លួន ផ្នែកសន្តិសុខនៅក្នុងតំបន់នេះ ជាពិសេសកូរ៉េខាងជើង និងការគាំទ្ររបស់កូរ៉េខាងជើង ចំពោះប្រទេសរុស្ស៊ី ក៏ដូចជា មហិច្ឆិតារបស់ប្រទេសចិន លើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកត្រឹមតែ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here