ឥណ្ឌូនេស៊ីគ្រោងតេស្តសាកល្បងតាក់ស៊ីហោះនៅរដ្ឋធានីថ្មី Nusantara ក្នុងខែកក្កដាខាងមុខ

0

ដោយ: គង់ លាងហួរ

ហ្សាការតា: ប្រទេសឥណ្ឌូនេស៊ី គ្រោងតេស្តសាកល្បងតាក់ស៊ីហោះដំបូងរបស់ខ្លួននៅឯរដ្ឋធានីថ្មី Nusantara នាខែកក្កដាខាងមុខ មុនពេលសម្រេច ដាក់ឱ្យហោះហើរជាផ្លូវការ ក្នុងពិធីប្រារព្ធបុណ្យឯករាជ្យជាតិនៅថ្ងៃទី១៧ ខែសីហា។

លោក Bambang Susantono ប្រធានអាជ្ញាធរទីក្រុង Nusantara (IKN) បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា “គ្រឿងបន្លាស់ និងថ្មអាគុយរបស់តាក់ស៊ីហោះនេះ ត្រូវបានដឹកជញ្ជូនមកដល់ទីក្រុង Balikpapan ក្នុងខេត្ត East Kalimantan រួចជាស្រេចហើយ”។

ការតេស្តសាកល្បង នឹងរៀបចំធ្វើឡើង នៅឯព្រលានយន្តហោះ Samarinda បន្ទាប់ពីអាជ្ញាធរឥណ្ឌូនេស៊ី ត្រូវចំណាយពេល១ខែ ដើម្បីត្រួតពិនិត្យ និងផ្គុំគ្រឿងបន្លាស់ ហើយតាក់ស៊ី ដែលដើរដោយថាមពលអគ្គិសនីនេះ អាចផ្ទុកមនុស្សបានចំនួន៥នាក់។ការផលិតតាក់ស៊ីហោះនេះ កើតចេញពីកិច្ចសហការគ្នារវាងវិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េ (KARI) និងក្រុមហ៊ុន Hyundai Motors។ កាលពីឆ្នាំ២០២២កន្លងទៅ អាជ្ញាធរទីក្រុង Nusantara និងក្រុមហ៊ុន Hyundai បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធ អេកូចល័តផ្លូវអាកាសដ៏ទំនើប នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា “ក្តីស្រមៃក្នុងការចង់ធ្វើដំណើរលើតាក់ស៊ីហោះលើអាកាស កំពុងក្លាយជាការពិតហើយ ដោយក្នុងនោះឥណ្ឌូនេស៊ី ស្ថិតក្នុងចំណោមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ដូចជា អារ៉ាប់រួម ស្លូវ៉ាគី និងជប៉ុន ដែលបានចាប់ផ្តើមតេស្តសាកល្បងតាក់ស៊ីប្រភេទនេះ”។

ការដាក់ឱ្យដំណើរការ សាកល្បងតាក់ស៊ីហោះនេះ គឺស្របតាមមហិច្ឆិតារបស់រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ ដែលបាន​ចាត់ទុក​​រដ្ឋធានីថ្មី Nusantara ជា​ទីក្រុង​ ដែលប្រកាន់គោលការណ៍ស្តីពី អព្យាក្រឹត​កាបូន​ដំបូង​គេ​បង្អស់ នៅក្នុងប្រទេសរបស់ខ្លួន៕ប្រភព: CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here