ខេត្តកោះកុងត្រៀមរៀបចំវេទិកាផ្គូផ្គង រវាងអ្នកលក់ និងអ្នកទិញ ក្រោមគម្រោងអភិវឌ្ឍន៍អាជីវកម្ម និងការទទួលបានទីផ្សារ

0

ដោយៈ គង់ ហ្វីអូណា

        កោះកុងៈ រដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំវេទិកាផ្គូផ្គង រវាងអ្នកលក់ និងអ្នកទិញ ក្រោមគម្រោងអភិវឌ្ឍអាជីវកម្ម និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុកនាពេលខាងមុខ។

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និង ជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិ​តផលមួយ ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាត្រៀម​រៀបចំវេទិកាផ្គូផ្គង រវាងអ្នកលក់ និងអ្នកទិញ ក្រោមគម្រោងអភិវឌ្ឍន៍អាជីវកម្ម និងការទទួលបានទីផ្សារ សម្រាប់អ្នកផលិតក្នុងស្រុកនិងM/ SMEsនិងនាំចេញនៅនឹងកន្លែង នៅខេត្តកោះកុង។

លោក អភិបាលរងខេត្ត បានលើកឡើងថា ការងារនេះ ត្រូវផ្តោតលើការងារសំខាន់ៗជាច្រើនរួមមាន ទី១ ត្រៀមរៀបចំស្តង់សម្រាប់ដាក់តាំងផលិតផល ជូនដល់បងប្អូនជាម្ចាស់ផលិតផល ដែលបានចុះឈ្មោះចូលរួម ។ ទី២ ក្រុមការងារត្រូវរៀបចំ ឲ្យបងប្អូនមានផលិត​ផលស្ងួតៗ អាចដាក់តាំងក្នុងមហោស្រពបាន ។ រីឯផលិតផលដែលមានក្លិន មានផ្សែង សូមឱ្យរៀបចំដាក់នៅលើស្តង់ខាងក្រៅ ។

ទី៣ អញ្ជើញអ្នកពាក់ព័ន្ធ ផ្នែកសេវាកម្មដូចជា រីសត សណ្ឋាគារ និងភោជនីយដ្ឋាន រោងការអាចចូលរួមក្នុងពិធី ។ ដោយឡែក ម្ចាស់ផលិតផលទាំងអស់ មានរយៈពេល៥នាទី ដើម្បីធ្វើបទបង្ហាញ វីដេអូឃ្លីបអំពីផលិតផលរបស់ខ្លួន ។

លោកអន សុធារិទ្ធ បានបន្តទៀតថា ជាមួយគ្នានេះរដ្ឋបាល ខេត្ត គ្រោង និងរៀបចំផ្លែទុរេន ម្ឃុត សាវម៉ាវ ដែលទិញពីររដ្ឋបាលក្រុង ស្រុក មួយ ចំនួន ដើម្បីត្រៀមរៀបចំចែកជូនដល់បងប្អូន ដែលអ្នកមកចូលរួម ឱ្យបានភ្លក់ពិសាផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីត្រៀមរៀបចំវេទិកាផ្គូរផ្គង រវាងអ្នកលក់ និងអ្នកទិញ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៨ -២០ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តកោះកុង ដែលមានរយៈពេល ៣ថ្ងៃ ដេីម្បីលេីកកម្ពស់សក្តានុពលផលិតផលក្នុងស្រុក ការស្វែងរកទីផ្សារជូនអ្នកផលិត ការជំរុញចលនាភូមិ១ ផលិតផល ១ ជាពិសេស ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ៕

លោក អន សុធារិទ្ធ អភិបាលរង ខេត្តកោះកុង ក្នុងសាលប្រជុំសាលាខេត្តកោះកុង

LEAVE A REPLY

Please enter your comment!
Please enter your name here