ទីក្រុងឌូបៃគ្រោះបោះទុនបន្ថែមលើការពង្រីកផ្សារទំនើបធំជាងគេ នៅលើពិភពលោក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យអារ៉ាប់រួម Emaar Properties បានប្រកាសឡើងនូវផែនការ នៃការពង្រីកផ្សារទំនើប Dubai Mall ក្រោមទុនវិនិយោគចំនួន៤០៨លានដុល្លារអាមេរិក។នេះបើយោងតាមសារពត៌មានអាមេរិក CNN។

បច្ចុប្បន្ន ផ្សារទំនើបនេះមានទំហំ១២លានហ្វីតការ៉េ និងជាប់ឈ្មោះជាផ្សារទំនើប ដែលធំជាងគេនៅលើពិភពលោក រួចស្រេចទៅហើយ។ បើយោងតាមផែនការពង្រីកនេះ ក្រុមហ៊ុនខាងលើនឹងអភិវឌ្ឍន៍ហាងប្រណីត ចំនួន២៤០ទីតាំងបន្ថែមទៀត រួមជាមួយនឹងកន្លែងលក់អាហារថ្មីៗ។

មជ្ឈមណ្ឌលលក់ទំនិញខ្នាតយក្សមួយនេះ មានអាងចិញ្ចឹមត្រីដ៏ធំបំផុតនៅលើពិភពលោក សារមន្ទីរសិល្បៈឌីជីថលដ៏អស្ចារ្យ គ្រោងឆ្អឹងដាយណូស័រ ដែលមានអាយុកាល១៥៥លានឆ្នាំ កន្លែងជិះស្គីទឹកកកខ្នាតអូឡាំពិក និងរោងកុនដែលមានអេក្រង់ចំនួន២៦ផ្ទាំង។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោក Mohamed Alabbar ស្ថាបនិកនៃក្រុមហ៊ុនអចលនទ្រព្យ Emaar Properties  បានចាត់ទុកការពង្រីកផ្សារទំនើបនេះថា ជា “ការបន្ថែមដ៏អស្ចារ្យមួយទៅលើទីតាំង ដែលមានអ្នកចូលមកទស្សនាច្រើនបំផុត នៅលើពិភពលោក”។

ជាក់ស្ដែង ផ្សារទំនើប Dubai Mall បានអះអាងថា ខ្លួនទទួលបានភ្ញៀវទេសចរណ៍សរុប ចំនួន១០៥លាននាក់កាលពីឆ្នាំមុន ដោយកើនឡើង១៩ភាគរយ បើធៀបនឹងឆ្នាំ២០២២។ ដូច្នេះ ការពង្រីកផ្សារទំនើបនេះបន្ថែមទៀត នឹងឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍ ដែលរំពឹងថា នឹងចូលមកទស្សនាកាន់តែច្រើននាពេលអនាគត។

ស្របពេលការលក់រាយ នៅទីតាំងផ្សារទំនើបជាច្រើននៅជុំវិញពិភពលោកកំពុងធ្លាក់ចុះ។ ផ្ទុយទៅវិញ ការចាយវាយលើទីផ្សារលក់រាយនៅក្នុងប្រទេសអារ៉ាប់រួម បានកើនឡើង១៤% កាលពីឆ្នាំមុន ដែលជំរុញដោយវិស័យម៉ូដទាន់សម័យ ដែលកើនឡើង៣១% ការលក់រាយទូទៅកើនឡើង១៦% ខណៈការលំហែ និងការកម្សាន្ត បានកើនឡើង១៥%។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុន Majid Al Futtaim Group៕ប្រភព:CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here