ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលនឹងសាងសង់អាកាសភ្លោះថ្មី១ទៀត នឹងលេចរូបរាងឡើងនៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលស្ពាននេះស្ថិតនៅត្រង់ចំណុចប្រសព្វ រវាងមហាវិថីសម្ដេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងកំណាត់ផ្លូវជាតិលេខ២។
បច្ចុប្បន្នគម្រោងស្ពាននេះ ត្រូវបានអាជ្ញាធរពាក់ព័ន្ធកំពុងសិក្សាត្រៀមរៀបចំ បើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខ។
យោងតាមការដកស្រង់ ពីរដ្ឋបាលខេត្ដកណ្ដាលឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ លោកណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានចូលរួមកិច្ចប្រជុំដឹកនាំដោយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ត្រួតពិនិត្យភូមិសាស្ត្រ ដើម្បីត្រៀមរៀបចំពិធីបើក ការដ្ឋានសាងសង់ស្ពានអាកាសភ្លោះនេះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ និងផ្លូវជាតិលេខ២ ដោយមានការចូលរួមប្រជុំពី លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី និងមន្ទីរពាក់ព័ន្ធផងដែរ។
ការស្ថាបនាស្ពានអាកាសខាងលើ ធ្វើឡើងដើម្បីសម្រួលចរាចរត្រង់ចំណុចប្រសព្វនេះ ពិសេសគឺផ្លូវថ្មីដែលតភ្ជាប់ទៅកាន់ព្រលានយន្ដហោះអន្ដរជាតិតេជោ ដែលគ្រោងនឹងបើកដំណើរការនាដើមឆ្នាំ២០២៥ ខាងមុខ ខណៈបច្ចុប្បន្នគម្រោងនេះ សម្រេចការសាងសង់បានប្រមាណ៧៥.៨% ហើយគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការ នៅឆមាសទី១ ឆ្នាំ២០២៥។
នៅពេលបើកដំណើរការព្រលានថ្មីនេះ អាចទទួលអ្នកដំណើរបានចំនួន១៣លាននាក់ក្នុង១ឆ្នាំ សម្រាប់ដំណាក់កាលទី១ និង ៣០ លាននាក់ក្នុង១ឆ្នាំ សម្រាប់ដំណាក់កាលទី២ ដែលបញ្ចប់នៅឆ្នាំ២០៣០ និងចំនួន៥០លាននាក់ក្នុង១ឆ្នាំ សម្រាប់ដំណាក់កាលទី៣ ដែលបញ្ចប់នៅឆ្នាំ២០៥០ផងដែរ៕