Hattha top Banner

ទីផ្សារអចលនទ្រព្យម៉ាឡេស៊ីរំពឹងសម្រេចបានកំណើនកាន់តែ ខ្ពស់នាពេលអនាគត

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Nga Kor Ming រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានម៉ាឡេស៊ីអះអាងថា ទីផ្សារអចលនទ្រព្យម៉ាឡេស៊ី នឹងរក្សាស្ថិរភាពនៅឆ្នាំនេះ មុននឹងសម្រេចបានកំណើន ប្រកបដោយនិរន្តរភាព ក្នុងរយៈពេល៣ឆ្នាំខាងមុខ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា ទីផ្សារអចលនទ្រព្យម៉ាឡេស៊ី បានបង្ហាញពីការរីកចម្រើន និងភាពធន់យ៉ាងខ្លាំង ដោយក្នុងនោះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន អចលនទ្រព្យនីមួយៗបានហក់ឡើងយ៉ាងគំហុក។

លោកបានបន្តថា តម្លៃភាគហ៊ុនអចលនទ្រព្យ នៅក្នុងទីផ្សារបាន និងកំពុងបន្តហក់ឡើងថ្លៃចាប់ពីខែមករា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤។ លោកបញ្ជាក់ថា តម្លៃភាគហ៊ុនរបស់ ក្រុមហ៊ុនអចលនទ្រព្យចំនួន៧៦ ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យចំនួន១០០ ដែលបានចុះបញ្ជីលើផ្សារហ៊ុន Bursa Malaysia សុទ្ធតែបានហក់ឡើងថ្លៃ។

ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនអចលនទ្រព្យចំនួន២២ បានជួបប្រទះ ការដាំក្បាលចុះនៃតម្លៃភាគហ៊ុន ខណៈតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យចំនួន២ទៀត បានស្ថិតនៅក្នុងសភាពទ្រឹង។

លោកបានកត់សម្គាល់ថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន DPS Resources Bhd បានហក់ឡើង៦០០ភាគរយ ខណៈតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន UEM Sunrise Bhd បានហក់ឡើង៣៤៧ភាគរយ និងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន WMG Holdings Bhd បានហក់ឡើង៣២៦ភាគរយគិតចាប់ពីខែមករា ឆ្នាំមុន ដល់ខែមិថុនា ឆ្នាំនេះ។

លោករដ្ឋមន្ត្រីជឿជាក់ថា “និន្នាការវិជ្ជមាននេះ ត្រូវបានគេរំពឹងថា នឹងបន្តកើតមានទៅដល់ឆមាសទី២ ឆ្នាំ២០២៤។ ទីផ្សារអចលនទ្រព្យរបស់យើង នឹងមានអនាគតដ៏ល្អ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Anwar Ibrahim”។

លោក Nga បានបន្ថែមថា “យើងត្រូវតែធ្វើការរួមគ្នាដើម្បីបង្កើនកេរ្តិ៍ឈ្មោះឧស្សាហកម្មរបស់យើង និងបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគ ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យម៉ាឡេស៊ី កាន់តែមានភាពធន់បន្ថែមទៀត”។

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ប្រតិបត្តិការនៃទីផ្សារអចល​នទ្រព្យម៉ាឡេស៊ី បានកើនឡើងដល់ទំហំទឹកប្រាក់៥៦,៥៣ពាន់លានរីងហ្គីត ដោយបានកត់ត្រាប្រតិបត្តិការ ជាង១០៤.០០០ប្រតិបត្តិការ៕ប្រភព: Bernama៕

LEAVE A REPLY

Please enter your comment!
Please enter your name here