Hattha top Banner

ដំណឹងល្អៈកម្ពុជាចាប់ផ្តើមជើងហោះហើរត្រង់ពីឥណ្ឌានៅចុង សប្តាហ៍នេះ

0

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ ជើងហោះហើរត្រង់កម្ពុជា -ឥណ្ឌា នឹងចាប់ផ្ដើមបើកដំណើរការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៤ចុងសប្តាហ៍នេះ ដោយក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុករបស់កម្ពុជា គឺ Cambodia Angkor Air បានត្រៀមខ្លួនរួចរាល់ហើយ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកា​សចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងថា នៅថ្ងៃទី ១៦ ខែមិថុនាខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នឹងចាប់ផ្តើមបើកសម្ពោធការហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង៤ជើងក្នុងមួយសប្តាហ៍។

លោកបន្តថា ពិធីសម្ពោធដំណើរការជើងហោះហើរត្រង់ កម្ពុជា-ឥណ្ឌា នឹងត្រូវរៀបចំឡើង នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី នេត សាវឿន, បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ដោយឡែកបើគ្មានអ្វីប្រែប្រួលទេ កម្មវិធីហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា នឹងត្រៀមបើកការហោះហើរត្រង់ ពីទីក្រុងញូវដេលី មកសៀ​មរាប ចាប់ពី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដោយធ្វើការហោះហើរ ៧ជើងក្នុងមួយសប្តាហ៍។

លោកស៊ីន ចាន់សិរីវុត្ថាបានបញ្ជាក់ថា ការបើកតភ្ជាប់ផ្លូវថ្មីនេះ នឹងផ្ដល់ផលចំណេញដល់ប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការធ្វើដំណើររយៈពេលខ្លី ហើយការចំណាយតិចជាងមុន ជាពិសេសភាគីទាំងពីរចង់ផ្សព្វផ្សាយ ពីផ្នែកទេសចរណ៍ វប្បធម៌ សាសនា និងសុខភាព ខណៈកម្ពុជា ប្រើប្រាស់សេវាសុខាភិបាលនៅឥណ្ឌាច្រើន ខណៈឥណ្ឌាក៏ចង់មកស្រុកខ្មែរ តាមរយៈទេសចរណ៍វប្បធម៌ និងសាសនា។កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ កំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉េត ហើយចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៤មក ក្រុមហ៊ុន EmiratesAirlines បានហោះហើរមកកម្ពុជាឡើងវិញ ពីទីក្រុង Dubai ដោយឆ្លងកាត់ប្រទេសសិង្ហបុរី ជាលក្ខណៈសិទ្ធិហោះហើរទី៥។

នៅឆ្នាំ២០២៣ កម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាសទាំងក្នុងស្រុក និងអន្តរជាតិចំនួនជាង៥,១លាននាក់ កើនឡើង ១១៥% ធៀបនឹង    រយៈពេល១២ខែឆ្នាំ២០២២ ក្រោយវិបត្តិជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here