Hattha top Banner

អគារសារៈមន្ទីរថ្មីដ៏អច្ឆរិយៈមួយគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៥ខាងមុខ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងសាងសង់សារៈមន្ទីរថ្មីដ៏អច្ឆរិយៈមួយនៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ជិតបញ្ចប់រួចរាល់ហើយ ដែលសំណង់នេះរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មអង់គ្លេសដ៏ល្បីឈ្មោះ Foster + Partners។

អគារសារៈមន្ទីរដ៏អច្ឆរិយៈនេះត្រូវបានដាក់ឈ្មោះថា សារមន្ទីរជាតិ Zayed។ អគារនេះមានលក្ខណៈពិសេសអស្ចារ្យ ដោយក្នុងនោះ គេសង្កេតឃើញមានការរចនាស្លាបបែបចម្លាក់ចំនួន៥ ដែលមានរូបរាងដូចជាស្លាបបក្សី។ អគារនេះត្រូវបានរចនាយ៉ាងប៉ិនប្រសប់ ដើម្បីជួយឱ្យផ្ទៃខាងក្នុងអគារ មានសីតុណ្ហភាពត្រជាក់ទៅតាមបែបធម្មជាតិ។

គម្រោងនេះត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងឆ្នាំ២០១០។ ដើមឡើយ សារមន្ទីរជាតិ Zayed នេះត្រូវបានបង្កើតឡើងជាវិមានឧទ្ទិសដល់អតីតប្រធានាធិបតីទី១របស់ប្រទេសអារ៉ាប់រួម គឺព្រះអង្គម្ចាស់ Zayed bin Sultan Al Nahyan ។អាគារមេមានរូបរាងដូចជា “ពំនូក ឬដំបូក”ដែលមានកម្ពស់៣០ម៉ែត្រ ដោយយកលំនាំតាមសណ្ឋានដីរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)។ ស្លាបដែកត្រូវបានតុបតែងឡើងឱ្យផុសចេញពីអគារនេះ ដែលមានកម្ពស់ចន្លោះពី៨៣ម៉ែត្រ ដល់១២៣ម៉ែត្រ។

ស្លាបរបស់អគារនេះប្រៀបបានដូចជាបំពង់ផ្សែងដែលមានមុខងារស្រូបខ្យល់ក្តៅចេញពីខាងក្នុងអគារ ហើយស្រូបយកខ្យល់បរិសុទ្ធតាមរយៈបំពង់ ដែលកប់នៅក្រោមដីចូលទៅក្នុងអគារវិញ ដែលធ្វើឱ្យអគារនេះមានខ្យល់ចេញ-ចូលបានល្អ។ សារមន្ទីរនេះគឺជាទីតាំងគួរឱ្យទាក់ទាញបំផុត ស្ថិតក្នុងសង្កាត់វប្បធម៌នៅលើកោះ Saadiyat Island ដែលស្ថិតនៅចម្ងាយប្រមាណ៥០០ម៉ែត្រពីឆ្នេរទីក្រុង Abu Dhabi។ នៅពេលដែលចាប់ផ្តើមបើកដំណើរការ សារមន្ទីរនឹងរៀបចំការតាំងពិពណ៌អំពីសត្វសមុទ្របុរាណដែលមានអាយុកាលរាប់លានឆ្នាំ កាក់សម័យដើម និងប្រវត្តិសាស្ត្រសង្រ្គាម ក៏ដូចជាវប្បធម៌សហសម័យផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍ថ្មីៗនេះរបស់ទីភ្នាក់ងារសារព័ត៌មាន Emirates បានឱ្យដឹងថា ការអភិវឌ្ឍន៍សារៈមន្ទីរទាំងមូលនឹងត្រូវបញ្ចប់រួចរាល់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥ខាងមុខ។ប៉ុន្តែ គេពុំបានបញ្ជាក់កាលបរិច្ឆេទថ្ងៃខែច្បាស់លាស់នៅឡើយនោះទេ៕ប្រភព: Foster + Partner៕

LEAVE A REPLY

Please enter your comment!
Please enter your name here