Hattha top Banner

លោកមហាសេដ្ឋីអាមេរិក Mark Zuckerberg កំពុងបោះទុនលើគម្រោងអចលនទ្រព្យចម្រុះនៅរដ្ឋកាលីហ្វ័រញ៉ា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោកមហាសេដ្ឋីអាមេរិក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Meta បានសម្រេចទិញផ្ទះចំនួន២ខ្នងយ៉ាងអាថ៌កំបាំង ដែលស្ថិតស្ថិតនៅច្រាំងខាងលិចបឹង Tahoe ក្នុងតម្លៃទឹកប្រាក់សរុបចំនួន៥៩លានដុល្លារ។

យោងតាមសារពត៌មាន Wall Street Journal បានរាយការណ៍ថា ការទន្ទ្រានដីនេះត្រូវបានលាក់បាំងដោយសម្ងាត់ តាមរយៈការទិញដោយប្រើប្រាស់ឈ្មោះក្រុមហ៊ុន Golden Range LLC ដែលទើបបង្កើតថ្មី ខណៈកិច្ចព្រមព្រៀងក៏មិនត្រូវបានបង្ហាញឱ្យដឹងផងដែរ។

យោងតាមឯកសារផែនការ ដែលដកស្រង់ដោយសារពត៌មាន SFGATE បង្ហាញថា លោក Zuckerberg បានវាយកម្ទេចចោលផ្ទះប្រវត្តិសាស្ត្រមួយខ្នងក្នុងចំណោមផ្ទះប្រវត្តិសាស្ត្រ២ខ្នង ដែលលោកបានទិញ ដើម្បីសាងសង់អគារថ្មី។ផ្ទះប្រវត្តិសាស្ត្រដំបូងទី១ដែលលោកបានទិញ គឺមានឈ្មោះថា Carousel Estate ដែលមានចម្ងាយប្រហែល៤,៨គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុង Tahoe។ក្រុមហ៊ុន Golden Range LLC បានទិញយកផ្ទះនេះក្នុងតម្លៃ២២លានដុល្លារក្នុងខែធ្នូ ឆ្នាំ២០១៨។

ប៉ុន្មានសប្តាហ៍ក្រោយមកទៀត ក្រុមហ៊ុន Golden Range LLC ដែលទើបបង្កើតថ្មី របស់លោក Zuckerberg បានទិញផ្ទះប្រវត្តិសាស្ត្រ១ខ្នងទៀតនៅក្បែរនោះក្នុងតម្លៃទឹកប្រាក់ចំនួន៣៧លានដុល្លារអាមេរិក។

ហេតុនេះ ប្រសិនបើគិតផ្ទះទាំង២បូកបញ្ចូលគ្នា លោក Zuckerberg បានកាន់កាប់ផ្ទៃដីជាង៤ហិកតា និងមាត់បឹងប្រវែង១៨៣ម៉ែត្រនៅលើច្រាំងបឹង Tahoe ដ៏ល្បីល្បាញនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។

ផ្ទះភាគច្រើន ដែលមានអាយុកាលជិត១សតវត្សន៍នៅជុំវិញបឹង Tahoe ត្រូវបានគេអភិរក្ស ដោយសារស្ថានភាពប្រវត្តិសាស្ត្រ។ ប៉ុន្តែ មន្ត្រីក្នុងតំបន់ និងភ្នាក់ងារគ្រប់គ្រងបរិស្ថាន បានអនុញ្ញាតឱ្យក្រុមហ៊ុន Golden Range LLC វាយកម្ទេចចោលផ្ទះ Carousel Estate។ការអនុញ្ញាតនោះបានបើកផ្លូវឱ្យក្រុមហ៊ុនរបស់មហាសេដ្ឋីអាមេរិករូបនេះ អាចសាងសង់អគារដ៏ធំចំនួន៧។ អគារដែលធំជាងគេបំផុតក្នុងចំណោមអគារទាំង៧ មានទំហំផ្ទៃក្រឡាប្រហែល២០.០០០ហ្វីតការ៉េ(១.៨៥៨ម៉ែត្រការ៉េ) និងមានកម្ពស់៣៥ហ្វីត(ប្រហែល១០,៦៧ម៉ែត្រ)។

ការ​សាងសង់​សំណង់ផ្សេងៗ​ទៀត​នៅ​ក្នុង​បរិវេណ​នោះ​រួម​មាន​ ផ្ទះ​ដែលមានគ្រែ២ជាន់ កន្លែង​ហាត់ប្រាណ ផ្ទះ​Gatehouse ការិយាល័យ និង​ផ្ទះសំណាក់។ លើសពីនេះ គេក៏សង្កេតឃើញមានការសាងសង់ផ្លូវក្រាលកៅស៊ូ ស្ពាន រណ្តៅដុតភ្លើងសម្រាប់ខែរងារ និងផ្លូវក្រាលកំរាលថ្មផងដែរ។

នៅពេលការសាងសង់បញ្ចប់រួចរាល់ គម្រោងអគារទាំងនេះត្រូវបានគេរំពឹងថា នឹងមានទំហំផ្ទៃក្រឡាសរុបប្រហែល៧០.០០០ហ្វីតការ៉េ(ប្រហែល៦៥០៣,២១ម៉ែត្រការ៉េ) និងលាតសន្ធឹងនៅលើផ្ទៃដីទំហំ៤,០៥ហិកតា។

បន្ថែមពីលើនេះ លោក Mark Zuckerberg ក៏បានទិញអចលនទ្រព្យនៅទីក្រុង San Francisco និងទីក្រុង Palo Altoផងដែរ។ លោកក៏ត្រូវបានគេរាយការណ៍ថា កំពុងសាងសង់អគារដែលមានតម្លៃចំនួន២៧០លានដុល្លារនៅលើកោះ Kauai ក្នុងរដ្ឋ Hawaiiថែមទៀតផង៕ប្រភព:SFGATE៕

LEAVE A REPLY

Please enter your comment!
Please enter your name here