ក្រុមហ៊ុនអាកាសចរណ៍ជាតិ អន្តរជាតិកើនដល់៣១ក្រុមហ៊ុនកំពុងប្រតិបត្តិការហោះហើរនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ទោះបីជាចំនួនមិនទាន់កើនដល់ ឬស្មើនឹងមុនវិបត្តិកូវីដ១៩ក្តី ប៉ុន្តែរហូតមកទល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣១ហើយ បានធ្វើការតភ្ជាប់ជើងហោះហើរពីកម្ពុជាទៅកាន់បរទេស និងពីបរទេសមកកាន់កម្ពុជា។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខា​ធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ពីប្រទេសអាស៊ានទាំង៨។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញចូលរួមក្នុងពិធីសម្ពោធជើងហោះហើរទី១ ជាប្រវត្តិសាស្ត្រលើការតភ្ជាប់ជើងហោះហើរ ត្រង់ (Direct Scheduled Flight) រវាងកម្ពុជា និងឥណ្ឌ និងចូលរួមអបអរសាទរ “ឆាំ្ន២០២៤ ទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១” កាលពីថ្ងៃទី១៦​ ខែមិថុនា ឆ្នាំ២០២៤នេះ។

លោកបណ្ឌិតបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ យើងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ រដ្ឋកាតា និងអេមីរ៉ាតអារ៉ាប់រួម ហើយចាប់ពីដើមខែឧសភា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines បានហោះហើរមកកម្ពុជាឡើងវិញ ពីទីក្រុង Dubai មករាជធានីភ្នំពេញ ដោយឆ្លងកាត់ប្រទេសសិង្ហបុរី ជាលក្ខណៈហោះហើរសិទ្ធិទី៥។

គិតចាប់ពីអំឡុងពេលចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបានទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាស មានចំនួនជាង២,៥លាននាក់ ពោលគឺមានការកើនឡើង២២% ធៀបនឹងអំឡុងពេលដូចគ្នា នៅឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង២,១លាននាក់។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា យើងអាចនិយាយជារួមបានថា សកម្មភាពការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានស្ដារឡើងវិញបន្តិចម្តងៗ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ​និងកំពុងបោះជំហានទៅមុខគួរជាទីមោទនៈ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានឲ្យដឹងផងដែរថា ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ ជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់កម្ពុជា ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហការជាមួយ ក្រសួ​ង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ ព្រមទាំងវិស័យឯកជនពាក់ព័ន្ធនានា ធ្វើការរៀបចំពិធីសម្ពោធជើងហោះហើរទី១ ជាប្រវត្តិសាស្ត្រ លើការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងសាធារណរដ្ឋឥណ្ឌា។

លោកបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ នឹងធ្វើការហោះហើរចំនួន៤ជើង ក្នុងមួយសប្ដាហ៍ជារៀងរាល់ថ្ងៃ ចន្ទ ពុធ សុក្រ និងអាទិត្យ ពីរាជធានីភ្នំពេញទៅកាន់រដ្ឋធានីញ៉ូវដែលី (New Delhi) តាមរយៈជើងហោះហើរលេខ K6 760 ដោយចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង១៦៖៤៥នាទី ហើយទៅដល់រដ្ឋធានីញ៉ូវដែលី (New Delhi) នៅវេលាម៉ោង១៩៖៥០នាទី ជាមួយរយៈពេលនៃការហោះហើរចំនួន៤ម៉ោង និង៣៥នាទី ដោយប្រើប្រាស់អាកាសយានប្រភេទ Airbus 320៕

LEAVE A REPLY

Please enter your comment!
Please enter your name here