ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសមាគមអ្នកអចលនទ្រព្យវៀតណាមបានឱ្យដឹងថា តម្រូវការ ការផ្គត់ផ្គង់ និងតម្លៃអចលនទ្រព្យ នៅលើទីផ្សារវៀតណាម បានកើនឡើងនៅឆ្នាំ២០២៤នេះ។នេះបើយោងតាមការដកស្រង់ដោយសារពត៌មានVnexpress។
សមាគមខាងលើបានបញ្ជាក់ នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា កាលពីត្រីមាសទី១ ទីផ្សារបានបំពេញប្រតិបត្តិការអចល នទ្រព្យថ្មីចំនួន៦.២០០ប្រតិបត្តិការ ដោយកើនឡើង៨ភាគរយបើធៀបនឹងត្រីមាសទី៤ឆ្នាំ២០២៣ និងកើនឡើងទ្វេរដងបើធៀបនឹងឆ្នាំមុន។
-->
ចំណែក នៅក្នុងត្រីមាសទី២បច្ចុប្បន្ន គម្រោងអចលនទ្រព្យភាគច្រើន ដែលទើបនឹងបើកដំណើរការថ្មីៗ សុទ្ធតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាំងអចលនទ្រព្យដែលមានតម្លៃមធ្យម និងមានតម្លៃខ្ពស់។
ជាមួយគ្នានេះ ការវិនិយោគក៏កំពុងស្ទុះងើបឡើងវិញផងដែរ ដោយក្នុងនោះ សមាគមបានសង្កេតឃើញ មានអ្នកអភិវឌ្ឍន៍ជាច្រើន បានសម្រុកបើកដំណើរការ ឬចាប់ផ្តើមបោះទុនលើគម្រោងថ្មីៗ ហើ យគម្រោងទាំងនោះ សុទ្ធតែមានឯកសារច្បាប់ត្រឹមត្រូវ។
បើក្រឡេកមកមើលផ្នែកលំនៅដ្ឋាន សមាគមបញ្ជាក់ថា ការចាប់អារម្មណ៍លើដីឡូតិ៍ ផ្ទះTownhouses និងផ្ទះវីឡាកំពុងងើបឡើងវិញ បើធៀបនឹងកម្រិតទាបកាលពីឆ្នាំមុន។ នេះបើយោងតាមលោក Nguyen Van Dinh ប្រធានសមាគមអ្នកអចលនទ្រព្យវៀតណាម។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនអចលនទ្រព្យ Dat Xanh Services (DXS) បានឱ្យដឹងថា អត្រាស្រូបយកការផ្គត់ផ្គង់ថ្មី(Absorption rate)នៅក្នុងផ្នែកលំនៅដ្ឋាន ស្ថិតនៅចន្លោះពី៥៧%ទៅ៦២% ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ដែលខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ម្យ៉ាងទៀត តម្លៃអចលនទ្រព្យក៏បានកើនឡើងផងដែរ។ តួយ៉ាង តម្លៃផ្ទះTownhouse និងផ្ទះវីឡានៅទីក្រុងហូជីមិញ និងទីក្រុងហាណូយបានកើនឡើងពី៣%ទៅ៥% នៅចន្លោះខែមេសា និងខែឧសភា ខណៈដែលតម្លៃអាផាតម៉ិននៅទីក្រុងដាណាង និងតំបន់ជុំវិញបានកើនឡើងពី៤%ទៅ៦%។
បន្ថែមពីលើនេះ ឈ្មួញជើងសាចំនួន៤០% ដែលលាឈប់ពីការងារ ក្នុងកំឡុងពេលដែលទីផ្សារអចលនទ្រព្យដាំក្បាលចុះ ឥឡូវនេះ បានវិលត្រឡប់ចូលមកធ្វើការឡើងវិញហើយ៕ប្រភព:Vnexpress៕