សម្តេចធិបតីស្នើឲ្យក្រសួងពីរធ្វើការរួមគ្នាលើការគិតគូរស្តង់ដាសំណង់ពិសេសអាគារខ្ពស់ៗ

0

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានជម្រុញឲ្យក្រសួងចំនួន២ ធ្វើការរួមគ្នាលើការគិតពីពីស្តង់ដា និងសុវត្ថិភាពសំណង់ ពិសេសលើអាគារខ្ពស់ៗ។

សម្តេចបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោហ៊ុន សែន និងផ្លូវជាតិលេខ២នាព្រឹកថ្ងៃទី១៧ មិថុនានេះ។

សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីបានជម្រុញឲ្យលោកកែវ រតនៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គិតគូពីរចនាសម្ព័ន្ឋក្នុងអាគារខ្ពស់ៗ ពិសេសស្តង់ដាហ្គាស ដែលបង្កហានិភ័យដល់ការរស់នៅក្នុងអាគារ ប្រសិនជាការប្រើប្រាស់ និងការរៀបចំទុយោហ្គាសមិនមានស្តង់ដា។

ជាមួយគ្នានេះ សម្តេចធិបតីក៏បានជម្រុញឲ្យក្រសួងដែនដី គិតគូពីស្តង់ដាសំណង់ គុណភាពអាគារ និងរចនាសម្ព័ន្ឋក្នុងអាគារ ខណៈក្រសួងកំពុងរៀបចំស្តង់ដា បុរីនៅតាមជនបទ ដើម្បីបង្កើតជា “បុរីជន​បទ” ដែលមានស្តង់ដារស់នៅ ប្រកបដោយផាសុខភាព និងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋសមស្របផងដែរ។

សម្តេចធិបតីហ៊ុន ម៉ាណែតបានលើកពីគ្រោះថ្នាក់នៅតាមអាគារខ្ពស់ៗ ប្រសិនជាមិនបានរៀបចំស្តង់ដាប្រព័ន្ឋអគ្គិសនី ប្រព័ន្ឋហ្គាស និងប្រព័ន្ឋទឹកឲ្យបានត្រឹមត្រូវតាមស្តង់ដា ដែលបញ្ហានេះបានកើតមាននៅប្រទេសអង់គ្លេសរួចហើយ កាលពីពេលក​ន្លងមក។

បើតាមលោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance real Estateបានឲ្យដឹងថា សំណង់អាគារមួយចំនួន នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន មិ​នមានស្តង់ដា​ និងមិនមានលិខិតបទដ្ឋានគតិយុត្តិគ្រប់គ្រាន់នៅឡើយទេ។

ចំណែកលោកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ស្តង់ដាអាគារនៅកម្ពុជា ពិសេសអាគារខ្ពស់ៗ គួរផ្តោតលើបរិស្ថានបៃតងឲ្យបានច្រើន ជាជាងសាងសង់តែអាគារ ដែលមានតែជញ្ជាំងបេតុង មិនផ្តល់បរិស្ថាន ក្នុងការរស់នៅប្រកបដោយផាសុខភាពឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here