ដោយ: គង់ លាងហួរ
បាងកក: ប្រទេសថៃ កម្ពុជា និងវៀតណាម កំពុងសហការចាប់ដៃគ្នាបង្កើតផ្លូវទេសចរណ៍សមុទ្រ ដែលតភ្ជាប់បណ្តាកោះនៅក្បែរខេត្តត្រាតនៃប្រទេសថៃ ជាមួយនឹងខេត្តព្រះសីហនុ របស់កម្ពុជា និងខេត្ត Kiên Giang របស់វៀតណាម។
ផែនការនេះត្រូវបានតាក់តែងឡើង ក្នុងគោលបំណងដើម្បីជំរុញវិស័យពាណិជ្ជកម្ម ការវិនិយោគ វិស័យទេសចរណ៍ និងឧស្សាហកម្ម (Mice) ដែលកាត់មកពីពាក្យថា “កិច្ចប្រជុំ ការលើកទឹកចិត្ត សន្និសីទ និងការតាំងពិពណ៌”។
-->
លោក Chamnan Srisawat ប្រធានក្រុមប្រឹក្សាទេសចរណ៍នៃប្រទេសថៃ (TCT) បានលើកឡើងថា “យើងបាននិងកំពុងជំរុញឱ្យមានការរៀបចំសន្និសីទ ច្រករបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ (CVTEC) ដោយក្នុងនោះ មានការិយាល័យសន្និបាត និងពិព័រណ៍ថៃ (TCEB) ជាអ្នករៀបចំ និងជាអ្នកឧបត្ថម្ភធំ”។
លោកបានបន្តថា ការរៀបចំសន្និសីទខាងលើ មានគោលបំណង ដើម្បីជំរុញការតភ្ជាប់ផ្លូវសមុទ្រ រវាងប្រទេសជិតខាងទាំង៣ ដែលនឹងបង្កើតទីផ្សារមួយក្រោមគំនិតនៃ “ទីផ្សារតែមួយ គោលដៅបី” ។
លោក Chamnan Srisawat បានមានប្រសាសន៍ឱ្យដឹងទៀតថា “ផ្លូវសមុទ្រនេះ នឹងមិនត្រឹមតែដើរតួនាទីជាផ្លូវ សេដ្ឋកិច្ចទំនើបប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្លូវទេសចរណ៍ដ៏ទាក់ទាញមួយ បូករួមជាមួយនឹងធម្មជាតិ និងវប្បធម៌ដ៏ស្រស់បំព្រងផងដែរ”។
ជាមួយគ្នានេះ លោក Natthapong Sanguanjit អភិបាលខេត្តត្រាត បានលើកឡើងថា “រឿងសំខាន់គឺយើងត្រូវស្វែងរកមធ្យោបាយដើម្បីជំរុញវិស័យទេសចរណ៍ ដែលតភ្ជាប់តំបន់ឆ្នេរភាគខាងកើត នៃប្រទេសទាំង៣ជាមួយគ្នាតាមរយៈផ្លូវសមុទ្រ”។
លោក Apichai Somboonpakorn អគ្គនាយករងនៃការិយាល័យសន្និបាត និងពិព័រណ៍ថៃ (TCEB) ជឿជាក់ថា “ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេច សម្រាប់គម្រោងនេះ ហើយប្រសិនបើជោគជ័យ នោះគម្រោងនេះនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ អាចធ្វើដំណើរពីទីក្រុងប៉ាតាយ៉ា ទៅកាន់កំពង់ផែ Laem Chabang។ បន្ទាប់មកទៀត ពួកគេនឹងធ្វើដំណើរបន្តទៅកាន់ខេត្តត្រាត ខេត្តព្រះសីហនុ និងខេត្ត Kiên Giang និងធ្វើដំណើរបកបញ្ច្រាសទៅវិញ”។
ចំណែក លោកស្រី Wiyada Suang អនុប្រធានក្រុមប្រឹក្សាទេសចរណ៍ខេត្តត្រាត បានមានប្រសាសន៍ឱ្យដឹងថា “ផ្លូវទេសចរណ៍សមុទ្រនេះ គ្រោងបើកដាក់ឱ្យដំណើរការ នៅក្នុងរដូវកាលដែលសម្បូរភ្ញៀវទេសចរណ៍(High season) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕ប្រភព: Bangkok Post៕
